ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាមួយ ឯកឧត្ដម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងការជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមការងារ ចែកជូនបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន៤ទីតាំង ក្នុងនោះមានមណ្ឌលសុវត្ថិភាពវត្តឧត្តមមុនីវង្ស ,វត្តហ្លួងផែង ,វត្តគោកឃ្មុំ និងផ្សារខៀវម៉ឹងអូរតាគីស្រុកថ្មគោល ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងអ៊ំពូមីងប្រជាពលរដ្ឋភៀសសឹកក្នុងមណ្ឌលនីមួយៗ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ួង សុភារិន្ទ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ក្នុងការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុត្ថិភាពខេត្តបាត់ដំបង ត្រូវថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យបរិស្ថាន ការរួបរួមសាមគ្គី និងចេះគោរពស្រលាញ់គ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានអញ្ជើញចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភៀសសឹក និងប្រគល់អំណោយដ៏ថ្លៃថ្លានៅក្នុងមណ្ឌលសុវត្ថិភាពទាំង៤ ក្នុងស្រុកថ្មគោល ដែលមកពីបណ្តាស្រុកជាប់ព្រំដែន មានស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងមួយចំនួនមកពីខេត្តបន្ទាយមានជ័យ ជាដើម៕🙏🙏🙏🙏

