(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត និងនាំយកថវិកា សម្ភារ ឧបត្ថម្ភដល់វីរកងកម្លាំងនគរបាលជាតិ ដែលបានរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ពីសង្គ្រាមឈ្លានពានរបស់ទាហានថៃ ហើយកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត បាននាំនូវប្រសាសន៍សួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់វីរកងកម្លាំងនគរបាលជាតិ និងសូមជូពរឱ្យឆាប់បានជាសះស្បើយពីរបួស។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត មានប្រសាសន៍គូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស។
ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់ របស់កងកម្លាំងយើងក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដែលការលះបង់ដ៏ធំធេងនេះធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន។
ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភដល់វីរកងកម្លាំងនគរបាលជាតិ ចំនួន៤នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២លានរៀល និងទឹកត្រចៀកកាំម្នាក់ ១កន្ត្រក។ ជាមួយគ្នានេះដែរ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ក៏បានឧបត្ថម្ភថវិកាដល់វីរកងកម្លាំងនគរបាលជាតិ ក្នុងម្នាក់ៗទទួលបាន ២លាន ៥សែនរៀល និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ឧបត្ថម្ភថវិកាដល់វីរកងកម្លាំងនគរបាលជាតិ ក្នុងម្នាក់ៗទទួលបាន ២លាន ៥សែនរៀល។
ក្នុងឱកាសសួរសុខទុក្ខនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកា ដល់ក្រុមគ្រូពេទ្យប្រចាំការចំនួន ៤លានរៀលផងដែរ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

