(កំពង់ចាម) : អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរជនជាច្រើន បន្តនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ព្រមទាំងថវិកា ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ចែកជូនវីរៈកងទ័ព និងជនភៀសសឹ
អំណោយជាថវិកា គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនធំ ត្រូវបានអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជនជាច្រើន នាំយកមកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីបន្តនាំយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ និងប្រជាពលរដ្ឋជាជនភៀសសឹក ដោយសារក្រុមទាហានថៃ ឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថាជារៀងរាល់ថ្ងៃ សប្បុរសជននានាៗនាំយកអំណោយមកប្រគល់ជូនសាលាខេត្តកំពង់ចាម រួមមាន៖ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាលោកអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមហ៊ុនឯកជន ព្រះសង្ឃ អង្គការក្រៅរដ្ឋាភិបាលប្រចាំខេត្ត ព្រមទាំងមន្ត្រីរាជការ អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋជាច្រើនទៀត។ អំណោយទាំងនោះរួមមាន៖ ថវិកា មី ទឹកបរិសុទ្ធ អង្ករ កន្ទេល ភួយ, នំក្រៀម អំបុកស្រូវថ្មី ,ត្រីងៀត ជ្រក់ស្ពៃជូ សៀងផ្អែម, ត្រីប្រឡាក់, ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះ និងថ្នាំពេទ្យជាដើម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ៕

