(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ជនរួមជាតិ និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងមូល អញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់គ្នា នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ ១១ព្រឹក និងរសៀលចាប់ពីម៉ោង ២ ដល់ម៉ោង៥ រៀងរាល់ថ្ងៃធ្វើការ។
ការអំពាវនាវរបស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតប្រជាជន និងវីរកងទ័ពកម្ពុជា ដែលរៀបចំដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សម្រាប់ជាការតបស្នងចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពជួរមុខក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ពីសត្រូវឈ្លានពានសៀម និងសម្រាប់តម្រូវការចាំបាច់បន្ទាន់ផ្សេងៗ។
សូមជម្រាបជូនថា ការបរិច្ចាគឈាមនាពេលនោះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ការចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការសាលាខេត្ត នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត សិស្សានុសិស្សវិទ្យាល័យព្រះអង្គឌួង សិស្សនុសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លាវ សាខាសាកលវិទ្យល័យជាតិ ជា ស៊ីម កំចាយមារ ក្រុងព្រៃវែង និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តផងដែរ៕

