(កំពង់ចាម) :សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងស្រុកោះសូទិន និងស្រុកបាធាយ បើកប្រតិបត្តិការបង្ក្រាបបទល្មើសជលផល បានចំនួន ៤ ករណី កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។
បើតាមន្ត្រីជលផលបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើ ខាងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកកោះសូទិន ការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អាជ្ញាធរឃុំព្រែកតានង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ និងព្រែកតានង់ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយ មានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ទើបសមត្ថកិច្ចយើងបង្ក្រាបបានចំនួន ០៤ករណី រួមមាន៖
ករណីទី១ -រុះរើរបាំងផ្ចិតព្រែកចំនួន ០២កន្លែង ប្រវែង ១២ម៉ែត្រ -បង្គោលចម្រឹងចំនួន ៣០ដើម នៅចំណុចព្រែកអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ករណីទី០២ -រុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២៥ដើម នៅចំណុចព្រែកខ្លាក្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ករណីទី០៣ -ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់ -របាំងស្បៃមុងប្រវែង ១៦០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៩៦ដើម -ចាក់លែងត្រីចម្រុះ ០២គីឡូក្រាម នៅចំណុចស្ពានព្រែកខ្សេរ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ករណីទី០៤ -ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់ -របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ -បង្គោលចម្រឹងចំនួន ២២៥ដើម -ចាក់លែងត្រីចម្រុះ ០៤គីឡូក្រាម នៅចំណុចចុងព្រែកដើមជ្រៃ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

