រថយន្តដឹកទំនិញក្រឡាប់ផ្ងារជើងធ្លាក់ចេញសុទ្ធតែគ្រឿងអេឡិចត្រូនិកនៅស្រុកកំពង់រោទិ៍!

ខេត្តស្វាយរៀង # មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកធ្វើដំណើរ ខណៈមានរថយន្តដឹកទំនិញក្រឡាប់ផ្ងារជើងធ្លាក់ចេញសុទ្ធតែគ្រឿងអេឡិចត្រូនិក នៅស្រុកកំពង់រោទិ៍ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តដឹកទំនិញខាងលើបានដឹកទំនិញនៅលើផ្លូវខ្នងទំនប់ប្រឡាយចាក់ថ្មបំបែកលាយខ្សាច់ភ្នំ គាប់ជួនផ្លូវមានសភាពទ្រុឌទ្រោមខ្លាំងដោយសារផ្លូវ មួយខ្សែនេះត្រូវបានប្រភេទរថយន្តធំៗវ៉េអងដឹកទំនិញចេញចូលទៅផែស្ងួតមួយកន្លែងនៅក្បែរនោះ ។

ប្រភពដដែលបានបន្តថា រថយន្តខាងលើនេះបានដឹកទំនិញសំពីងសំពោងចេញពីផែស្ងួតនោះក្នុងបំណងយកទៅរាជធានីភ្នំពេញ ត្រង់ថាបានបង់ពន្ធឬមិនបង់ពន្ធគេពុំបានដឹងទេ លុះត្រាតែខាងគយបានដឹង។

ក្រោយពេលក្រឡាប់ចេញសុទ្ធតែគ្រឿងឧបករណ៍បរិក្ខារអគ្គិសនីនោះមកគេសង្កេតឃើញមានជនជាតិវៀតណាមបានមកសាងយកទំនិញខាងលើនោះចេញពីប្រឡាយទឹកដាក់ទៅលើរថយន្តមួយផ្សេងទៀតដោយពុំបានរំខានដល់អាជ្ញាធរឃុំ-ស្រុកឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាថ្នាក់ដឹកនាំគួររកពេលទំនេរពីការងារប្រជុំអញ្ជើញចុះទៅពិនិត្យមើលឲ្យដល់មូលដ្ឋានអំពីសភាពផ្លូវលំនៅតាមជនបទផង ពីព្រោះថាមួយរយ:ចុងក្រោយនេះផ្លូវនៅតាមភូមិឃុំមួយចំនួននៅតាមបណ្តាក្រុង/ស្រុកក្នុងភូមិសាស្ត្រខេត្តស្វាយរៀងបាននិងកំពុងរងការខូចខាតស្ទើរគ្រប់ទីកន្លែងដោយសាតែសំបូរប្រភេទរថយន្តដឹកទំនិញធំៗលើសទម្ងន់នាំគ្នាសម្រុកដឹកទំនិញឆ្លងកាត់ផ្លូវលំដែលជាហេតុធ្វើឲ្យផ្លូវនៅតាមជនបទរងការខូចខាត ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *