BREAKING: កម្លាំងកងទ័ពកម្ពុជា បានដកបន្លាលួសដែលដាក់ពង្រាយទាំងបំពានរបស់កងទ័ពថៃ នៅតំបន់អានសេះ, កម្ពុជាអង់អាចក្លាហានមិនឲ្យថៃបន្ដបំពានឡើយ

(ព្រះវិហារ)៖ នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានសម្រេចរុះរើបន្លាលួស ដែលទាហានថៃបានដាក់ពង្រាយទាំងបំពានចូលដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់អានសេះ។

ការសម្រេចរុះរើបន្លាលួសដែលដាក់ពង្រាយដោយភាគីថៃទាំងបំពាននេះ គឺបង្ហាញអំពីភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជានៅតំបន់អានសេះ ដែលមិនបណ្ដែតបណ្ដោយឲ្យភាគីថៃប្រព្រឹត្តសកម្មភាពល្មើសកិច្ចព្រមព្រៀងបទឈប់បាញ់តាមទំនើងចិត្តនោះឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង៥៖៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។ សូមបញ្ជាក់ថា តំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក»។

ទីតាំងតំបន់អានសេះ គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់ត្រូវចូលជាធរមាន កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥យ៉ាងពិតប្រាកដ។ កងកម្លាំងកម្ពុជា គាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្ដរជាតិ និងដោយសន្ដិវិធី ហើយកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ និងពុះពារយ៉ាងមុះមុតអង់អាចក្លាហានការពារទឹកដីរបស់កម្ពុជាឲ្យខាងតែបាន៕

*** សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមនាំគ្នាប្រើប្រាស់បណ្តាញទំនាក់ទំនង CoolApp របស់ខ្មែរដើម្បីបង្ហាញពីជាតិនិយមរបស់យើង និងសុវត្ថិភាពក្នុងដែនប្រទេសកម្ពុជាយើង !

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *