ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវបេតុងអារម៉េ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម

(កំពង់ចាម) :នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីបច្ចេកទេស របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងកំពង់កំពង់ចាមចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវបេតុងអារម៉េ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លោកអភិបាលរងខេត្ត មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ ដោយមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ពីដំណើរ ការសាងសង់ផ្លូវបេតុងអារម៉េ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជារូបភាពវីដេអូ ចាក់ របេតុង នៅលើផ្លូវ ដោយពុំមានសរសៃដែក បង្កើតឱ្យមានការយល់ច្រឡំមកលើអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនដែល ទទួលម៉ៅការសាងសង់។

ឆ្លើយតបនឹងហេតុការខាងលើនេះ លោក អភិបាលរងខេត្ត បានបញ្ជាក់ថា រូបភាពវីដេអូខាងលើនេះ គឺជារូបភាពមួយជ្រុងប៉ុណ្ណោះ ដែលធ្វើឡើងដោយអ្នកសារ ព័ត៌មានមួយរូប ឈ្មោះ ញិល ញ៉ាន ជាអ្នកសារព័ត៌ PNN Daily (ពន្លឺនិរតី)។ នៅត្រង់ចំណុចនៃរូបភាពវីដេអូផ្សព្វផ្សាយ គឺក្រុមហ៊ុនបានចាក់បេតុងអារម៉េស្តើងមួយជាន់សិន ទើប ដាក់ឆ្អឹងសរសៃដែកតាមក្រោយ ប៉ុន្តែអ្នកសារព័ត៌មានរូបនេះ មិនបានថតនៅពេលដែលក្រុមជាងបានដាក់សរសៃ ដែកឡើយ។

បើតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវបេតុងនេះ ជាគម្រោងមូលនិធិសង្កាត់បឹងកុក ឆ្នាំ២០២៥ ដែលទទួលម៉ៅការ សាងសង់ដោយក្រុមហ៊ុន អ៊ុង ចាន់ឡា ដោយចាក់បេតុងអារម៉េ សរសៃដែក ទំហំទទឹងផ្លូវ ៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងបណ្តោយផ្លូវ ២,៨១២ ម៉ែត្រ និងទើបសាងសង់បាន ប្រមាណ ៤០%។បើតាមការចុះវាយតម្លៃរបស់មន្ត្រីបច្ចេកទេសរួចមក បញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះ ក្រុមហ៊ុនពិតជាធ្វើតាមបទដ្ឋានបច្ចេកទេសស្តង់ដារត្រឹមត្រូវពិតប្រាកដមែន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *