(កំពង់ចាម)៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើគម្រោងវិនិយោគ និងសំណើសុំវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅក្នុងខេត្ត។
គម្រោងវិនិយោគចំនួន២ ត្រូវបានអនុគណៈកម្មការវិនិយោគខេត្ត សម្រេចលើសំណើសុំ រួមមាន៖
១. រោងចក្រផលិត និងកែច្នៃជីសរីរាង្គ ក្រោមនាមករណ៍ «ឡុង ស្រេង អ៊ិនធើណេសិនណល» នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២. ប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលចំនួន ២៧.២៨០ ហិកតា ក្នុងស្រុកកងមាស ស្រុកព្រៃឈរ និងស្រុកជើងព្រៃ។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា គម្រោងវិនិយោគរោងចក្រផលិត និងកែច្នៃជីសរីរាង្គ របស់ក្រុមហ៊ុន «ឡុង ស្រេង អ៊ិនធើណេសិនណល» រំពឹងថានឹងជួយបង្កើតឱកាសការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូលជូនពលរដ្ឋក្នុងខេត្ត។ ទន្ទឹមនឹងនេះ គម្រោងប្រព័ន្ធធារាសាស្ត្រ នឹងជួយផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីកសិកម្ម ជួយសម្រួលការដាំដុះ កាត់បន្ថយហានិភ័យខ្វះទឹក និងបង្កើនទិន្នផលកសិកម្មរបស់កសិករឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកតាមរយៈសហគមន៍កសិករប្រើប្រាស់ទឹក ពង្រីកលទ្ធភាពបង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង។

