ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូន គ្រួសារវីរយុទ្ធជនជួរមុខ នៅឃុំរាយប៉ាយ ស្រុកកងមាស

(កំពង់ចាម) :នៅព្រឹក ថ្ងៃសៅរ៍ទី ៤ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ;កម្មាធិការសាខា អមដំណើរដោយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យសកលវិទ្យាធិការ ហោ ប៉េង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានកិត្តិយសសាខា រួមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា បានអញ្ជើញ ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង រួមនឹងបន្ទប់ទឹក ១ខ្នង ជូន អ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយាវីរកងទ័ពជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស ។
គួររំលឹកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច តែងតែ បានណែនាំអោយ សាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ក្នុងនោះ ត្រូវគិតគូរ ផ្តោតទៅលើគ្រួសារវីរកងទ័ពជួរមុខ ពលរដ្ឋភៀសសឹក និង ផ្តល់ឱកាសការងារដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ជាសំខាន់ ។
សូមបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ ដែលកំពុង បំពេញ បេសកកម្មការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន ។ អ្នកស្រី មានកូនស្រីប្រុស ២ នាក់ ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ថែមទៀត ។ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដោយមើល ឃើញពីស្ថានភាពលំបាករបស់គ្រួសារវីរយុទ្ធជនជួរមុខ ” ផុន សុធា ” នៅឯមូលដ្ឋានក្រោយ ដែលសព្វថ្ងៃកំពុងកង្វះមធ្យោបាយធ្វើដំណើរ ជម្រកស្នាក់នៅ មានតែកូនផ្ទះតូចមួយ បិទបាំងដោយសង្កសីចាស់ទ្រុឌទ្រោម រួមទាំងជីវភាព ក៏មានការខ្វះខាត ផងនោះ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បាន ពិនិត្យ និង សម្រេច សាងសង់ ផ្ទះថ្មផ្ទាល់ដី ប្រក់សង្កសី ១ខ្នង ទំហំ ៥ម×៨ម និងបង្គន់អនាម័យ ១បន្ទប់ ជូន ប្រពន្ធនិងកូន របស់វីរយុទ្ធជនជួរមុខ ” ផុន សុធា ” បានប្រើប្រាស់ និង ស្នាក់នៅ ។
ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ: កម្មាធិការសាខា ក៏បានផ្តល់ថវិកាបដិភាគ សម្រាប់ចាក់ដីលើកកំពស់ផ្ទះ និង ឥដ្ឋការ៉ូក្រាលបាតផ្ទះ ព្រមទាំង បានប្រគល់ជូនម៉ូតូ ថ្មី ១គ្រឿងទៀត សម្រាប់ជាមធ្យោបាយធ្វើដំណើររបស់គ្រួសារវីរកងទ័ពជួរមុខរបស់យើង ។
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់សម្រាប់សង្កត់ផ្ទះថ្មី ជូន អ្នកស្រី អេន ស៊ីណា រួមមាន អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ក្នុងមួយមុខ ២សម្រាប់ និង ថវិកាចំនួន ២០០,០០០រៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សីក្នុងពិធីប្រគល់ -ទទួលផ្ទះថ្មី នេះ ចំនួន ១២នាក់ ម្នាក់ៗ ទទួលបាន អង្ករ ២៥គក្រ – គ្រឿង ឧបភោគ បរិភោគ និង ថវិកាមួយចំនួន ផងដែរ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *