ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្ដាប់បញ្ហាប្រឈម និងដោះស្រាយជូនដល់ពលរដ្ឋ សម្រាប់គោលដៅស្រុកជីក្រែ

ខេត្តសៀមរាប: បញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកជីក្រែង ត្រូវបានលើកយកមកធ្វើការដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំសម្របសម្រួលពី ឯកឧត្តម ស៊ិន រុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ិន រុន បានមានប្រសាសន៍ថា វេទិកានេះពិតជាមានសារ:សំខាន់ ព្រោះជាការផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាប្រឈម សំណួរ សំណូមពរ ដើម្បីឱ្យមន្ត្រីជំនាញបានដឹង ធ្វើការស្រាយបំភ្លឺ និងដោះស្រាយជូនបងប្អូនដោយផ្ទាល់។ ឯកឧត្តមបានបន្តថា ការអភិវឌ្ឍន៍មូលដ្ឋានទៅបានប្រកបដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ចាំបាច់ណាស់ ត្រូវមានការសហការ ការសាមគ្គី ការរួបរួមរវាងអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ។ ជាពិសេសការដោះស្រាយក្ដីកង្វល់របស់ប្រជាពលរដ្ឋ ក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍន៍មូលដ្ឋានផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការក្នុងនាមយើងជាអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ មន្ទីរអង្គភាព ដែលបម្រើសេវាដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តការងារប្រកបដោយភាពសកម្ម នឹងទទួលបានប្រសិទ្ធផលខ្ពស់ ដែលកាលណាយើងសម្រេចបាននូវលទ្ធផល ប្រជាពលរដ្ឋនឹងបន្តជំនឿទុកចិត្ដមកលើយើង។

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបង្ហាញពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក ដែលកើតចេញពីការខិតខំ ប្រឹងប្រែង ការព្យាយាមរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ដែលបានរួមគ្នា កិច្ចសហការគ្នា ប្រកបដោយការទទួលខុសត្រូវ។ លោកក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងនេះ និងជំរុញដល់ក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តអនុវត្តកិច្ចការទៅតាមវិស័យនីមួយៗជាបន្តទៀត ក្នុងន័យបម្រើសេវាដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព។

សូមជម្រាបថា វេទិកានាពេលនេះក្រុមការងារបានទទួលនូវ សំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយស្នើសុំជួយពន្លឿនការជួសជុលផ្លូវដែលខូចខាតដែលខូចខាត, ជួយផ្សព្វផ្សាយអំពីការជួសជុលនូវទំនប់៧៨ (បើក ឬបិទទឹក) សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការគ្រប់គ្រងទឹក ជួយដោះស្រាយផ្លូវដែលលិចទឹក ពាក់ព័ន្ធទៅការផ្ដល់ពូជស្រូវជូនពលរដ្ឋ។ ស្នើសុំតុដាក់នៅក្នុងសាលារៀនដើម្បីឱ្យសិស្សសិក្សារៀនសូត្រ ពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ណ ប.ស.ស។ ជុំវិញការលើកឡើងនេះ ត្រូវបានមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋភ្លាមៗផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *