បាត់ដំបង៖នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣ ១០៨គ្រួសារនៅក្នុងស្រុកមោងឫស្សី ដើម្បីជួយសម្រួលដល់ការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទោះបីជាសម្ដេចមិនបានអញ្ជើញមកផ្ទាល់ប៉ុន្តែសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
ឯកឧត្តម ណែនាំដល់បងប្អូនប្រជាកសិករឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែមដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារ។
ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះមានរយៈពេល៥៥ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ជាមួយគ្នានេះ ឯកឧត្តម ណែនាំដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ)។
ឯកឧត្តម ណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីជាតិនិយម រួបរួមសាមគ្គីគ្នាជាធ្លុងមួយជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងបានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
ប្រជាពលរដ្ឋ មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែបានគិតគូរ និងដោះស្រាយការលំបាកជូនដល់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ៕

