(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញនូវអគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចាស់ទ្រុឌទ្រោមចំនួន ៦ទីតាំង ស្ថិតក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ដែលអគារទាំងនោះ មានអាយុកាល ប្រមាណ ៣០ ឆ្នាំមកហើយ។
ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ ដឹកនាំដោយឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារ។
ជាលទ្ធផល នៃការចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែង ក្រុមការងារបានសម្រេចកំណត់អគារសិក្សាចំនួន ៤ទីតាំង ជាអាទិភាពសម្រាប់អនុវត្តការងារជួសជុលឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព សុវត្ថិភាព និងបរិស្ថានសិក្សាឱ្យកាន់តែល្អប្រសើរ រួមមាន៖
១- វិទ្យាល័យ ហ៊ុន សែន ស្វាយទាប ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ជួសជុលអគារសិក្សាចំនួន ១ខ្នង មាន ៥បន្ទប់។
២- សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកជើង ឃុំស្វាយទាប ស្រុកចំការលើ ជួសជុលអគារសិក្សាចំនួន ១ខ្នង មាន ៥បន្ទប់។
៣- សាលាបឋមសិក្សា សូភាស ស្ថិតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ជួសជុលអគារសិក្សាចំនួន ១ខ្នង មាន ៥បន្ទប់។
៤- សាលាបឋមសិក្សា ហ៊ុន ណេង ពាមកោះស្នា ស្ថិតនៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ជួសជុលអគារសិក្សាចំនួន ១ខ្នង មាន ៥បន្ទប់។
គួររំលឹកថា ការចុះពិនិត្យ និងវាយតម្លៃនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់សិស្សានុសិស្ស ព្រមទាំងការលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធអប់រំ ដើម្បីធានាឱ្យកុមារ និងយុវជនទទួលបានបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងភាពកក់ក្ដៅ៕

