ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំយុទ្ធនាការចុះសម្អាតបរិស្ថាន និងអនាម័យសាធារណៈ នៅលើកំណាត់ផ្លូវលេខ ៥៣B ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់។
យុទ្ធនាការនេះ មានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេស និងប្រជាពលរដ្ឋក្នុងតំបន់ ក្នុងគោលបំណងកែលម្អសោភ័ណភាពដងផ្លូវ សម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់សុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្ម និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមថែរក្សាអនាម័យ បោះចោលសំរាមឱ្យបានត្រឹមត្រូវ និងរួមគ្នាកសាងបរិស្ថានស្អាត ដើមី្បបង្កើនសោភ័ណភាពខេត្តពោធិ៍សាត់ឱ្យកាន់តែស្រស់បំព្រងបន្ថែមទៀត៕

