អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យដំណើរការការិយាល័យចុះឈ្មោះបោះឆ្នោត និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា!

ខេត្តព្រៃវែង: នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវទីតាំង និងដំណើរការនៃការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមបណ្ដាឃុំ-សង្កាត់មួយចំនួន ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

​ការចុះពិនិត្យនាឱកាសនេះ ត្រូវបានធ្វើឡើងនៅតាមគោលដៅសំខាន់ៗក្នុងក្រុង-ស្រុកចំនួន ៦ រួមមាន៖

​ស្រុកពោធិ៍រៀង៖ ឃុំពោធិ៍រៀង និងឃុំកំពង់ឬស្សី

​ស្រុកពារាំង៖ ឃុំព្រៃស្នៀត និងឃុំព្រៃព្នៅ

​ស្រុកស៊ីធរកណ្ដាល៖ ឃុំពោធិ៍ទី ឃុំឫស្សីសាញ់ និងឃុំអំពិលក្រៅ

​ស្រុកកញ្ជ្រៀច៖ ឃុំក្ដឿងរាយ និងឃុំចុងអំពិល

​ស្រុកស្វាយអន្ទរ៖ ឃុំព្រៃខ្លា និងឃុំស្វាយអន្ទរ

​ក្រុងព្រៃវែង៖ សង្កាត់តាកោ

​ឆ្លៀតក្នុងឱកាសចុះពិនិត្យផ្ទាល់តាមមូលដ្ឋាន ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងសារអំពាវនាវយ៉ាងទទូចដល់លោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត (សម្រាប់អ្នកមិនទាន់មានឈ្មោះក្នុងបញ្ជី ឬអ្នកទើបគ្រប់អាយុ) និងអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច និងប្រើប្រាស់សិទ្ធិជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *