ខេត្តសៀមរាប: នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ឋានន្តរស័ក្តិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ជំនួសលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ដែលបានចូលនិវត្តន៍ និងបន្តតួនាទីជាទីប្រឹក្សក្រសួងសុខាភិបាលក្រមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលដោយមានចូលរួមពីឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរក្រុង ស្រុក ,មេឃុំ ចៅសង្កាត់ និង មន្ត្រីសុខាភិបាល មន្ទីរពេទ្យស្រុកប្រតិបត្តិ និង មណ្ឌលសុខភាពប្រមាណជា៣០០នាក់ចូលរួម ។
លោកវេជ្ជមណ្ឌិត ក្រុស សារ៉ាត់ អតីតប្រធានមន្ទីរសុខាភិបាលខេត្ត បានរបាយការណ៍ដែលបានអនុវត្តកន្លងមក និងអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់អនុក្រឹត្យរាជរដ្ឋាភិបាល ជូនលោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាបថ្មី និងការប្តេជ្ញាចិត្តរបស់លោកវេជ្ជបណ្ឌិត សូរ សុទ្ធី រួចមក ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងនូវការស្វាគមន៍ និងបានជម្រាបជូនអំពីស្ថានទូទៅ ព្រមទាំងវឌ្ឍនភាពលើវិស័យសុខាភិបាល ក្នុងខេត្តសៀមរាប ព្រមទាំងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមទ្ធិ ផល និង ស្នាដៃធំៗជាច្រើន ដែលលោកប្រធានមន្ទីរចាស់បានដឹកនាំដែលធ្វើឲ្យមតិមហាជនរួមនឹងអង្គការដៃគូរបានកោតសរសើរទៀតផង។ ឯកឧត្តម បានកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងដោយឆន្ទៈ អស់កំលាំងកាយចិត្ត ស្មារតី ជំនះរាល់ឧបសគ្គរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល ព្រមទាំងដៃគូរ អភិវឌ្ឍន៏ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់មន្ទីរ អង្គភាព ព្រមទាំងសេវាសុខាភិបាលឯកជនផងដែរ ដែលធ្វើឱ្យម្រេចបាននូវសមិទ្ឋផល និង វឌ្ឍនភាពវិស័យសុខាភិបាលគួរជាទីមោទនៈក្នុងខេត្តសៀមរាប។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានគូសរំលេចពីសារៈសំខាន់ នៃប្រធានបទថ្ងៃនេះ គឺតម្រូវឲ្យបុគ្គលម្នាក់ៗទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ត្រូវបន្តការអភិវឌ្ឍនូវចំណេះដឹងជំនាញ បង្កើនសមត្ថភាពវិជ្ជាជីវៈ ជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជាក្រុម មានភាពរវៀសរវៃ គិតទុកជាមុន នូវស្ថានភាពដែលអាចកើតមានឡើង ដើម្បីយើងបានត្រៀមទុកជាស្រេចនូវដំណោះស្រាយបានទាន់ពេលវេលាក្នុងករណីចាំបាច់ ។ ឯកឧត្តមលោកសាស្រ្តាចារ្យ បានលើកឡើងពីតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាលម្នាក់ៗ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជម្ងឺ និងក្រុមគ្រួសារ។ ម្យ៉ាងទៀត ត្រូវតែជាអ្នកដែលអាចប្រាស្រ័យទាក់ទងបាន ចេះឈឺឆ្អាល និងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍រួម គឺការបម្រើសេវាសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ជូនអ្នកជម្ងឺ ហើយត្រូវតែតម្កល់ផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជម្ងឺជាចម្បង។ ឯកឧត្តមសាស្ត្រចារ្យ ក៏បានធ្វើការផ្តាំផ្ញើដល់លោកប្រធានមន្ទីរទើបទទួលមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់សហការ ការងារឲ្យបានល្អជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ បញ្ចេញឲ្យអស់ពីភាពប៉ិនប្រសប់របស់ខ្លួន ចេះកៀងគរធនធានព្រមទាំងចេះប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ រក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អ ឲ្យមានការគោរពក្រមសីលធម៌វិជ្ជាជីវៈ។

