អភិបាលរាជធានីភ្នំពេញ​ ទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង

ភ្នំពេញ ៖ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ បានអញ្ជើញទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងដៃគូសហការ ដឹកនាំដោយលោក Mr. Frederic Vallier អគ្គប្រតិភូ​ នៃសមាគម AIMF នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ចំពោះសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា លោក Mr.Frederic Vallier អគ្គប្រតិភូ​ នៃសមាគម AIMF បានបញ្ជាក់ថា AIMF ស្ថិតនៅខាងជនរងគ្រោះជានិច្ច។ ក្នុងនាមសមាគម AIMF លោក សូមចូលរួមរំលែកការលំបាក និងការសោកស្ដាយចំពោះហេតុការណ៍នៃសង្គ្រាមនេះដែលបានបន្សល់នូវប្រជាពលរដ្ឋកម្ពុជាជាជនភៀសសឹកជាច្រើនគ្រួសារ។

ទន្ទឹមនឹងនេះ លោក ក៏បានមើលឃើញជាក់ស្តែងនូវសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកជញ្ជូនសម្ភារ និងស្បៀងអាហារ ទៅចែកជូនបងប្អូនជនភៀសសឹកជាបន្តបន្ទាប់។

លោក Mr.Frederic Vallie បន្តថា ស្របជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ សមាគម AIMF នឹងរៀបចំកម្មវិធីអមមួយចំនួនដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ ការរៀបចំសន្និសីទ្ធកម្រិតអភិបាល និងតំណាងរដ្ឋបាលមូលដ្ឋាន ស្តីពី “ទំនាក់ទំនងការទូតទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន” ដែលជាសន្និសីទ្ធថ្នាក់តំបន់របស់សមាគម AIMF និងបានសមាជិកចូលរួមពីបណ្តាទីក្រុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតឡាវ រដ្ឋបាលខេត្តកំពង់ធំ បាត់ដំបង សៀមរាប កំពត និងខេត្តព្រះសីហនុ ព្រមទាំងអង្គការសមាគមដៃគូមួយចំនួនទៀត។

ក្រៅពីនេះ ក៏នូវមានកម្មវិធីសម្ពោធពិព័រណ៌សមិទ្ធិផល “សកម្មភាពហ្រ្វង់កូហ្វូនីនៅថ្នាក់មូលដ្ឋាន” នៅមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃរាជធានីភ្នំពេញខាងលើរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។

លោក បានសម្តែងនូវការថ្លែងអំណរគុណជូនចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានចូលរួមសហការក្នុងការរៀបចំព្រឹត្តការណ៍អមនេះ ព្រមទាំងទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារបស់សមាគមយ៉ាងរាក់ទាក់ និងកក់ក្តៅនាពេលនេះ ហើយនៅខែក្រោយនេះ សមាគម AIMF នឹងរៀបចំមហាសន្និបាតលើកទី៤៦ និងកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍លើកទី ១០៨ នៅទីក្រុងកាសាប្លង់កា ប្រទេសម៉ារ៉ុក ដែលនៅទីនោះសមាគម AIMF នឹងឧទ្ទេសនាម ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដើម្បីជាបេក្ខភាពអនុប្រធានសមាគម AIMF បន្តទៀត ហើយរូបលោកផ្ទាល់នឹងរង់ចាំស្វាគមន៍ ឯកឧត្តម រួមទាំងគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនៅទីនោះផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ពាក់ព័ន្ធនឹងការរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាក្លាយជាជនភៀសសឹករាប់ម៉ឺនគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លិចបំផ្លាញតួប្រាសាទបុរាណរបស់ខ្មែរជាច្រើនថែមទៀត ដូចជា ៖ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងប្រាសាទព្រះវិហារជាដើម។ ប្រាសាទទាំងនេះ ជាបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោក។

ឯកឧត្តម អភិបាល បានបន្តទៀតថា ការបំផ្លិចបំផ្លាញ ទាំងនោះមិនត្រឹមតែបង្កើតការឈឺចាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែជាការឈឺចាប់សម្រាប់ប្រជាពលរដ្ឋលើពិភពលោក ដែលមកដល់សវត្សរ៍ទី២១ ទៅហើយ មិនគួរណាមានប្រទេសមួយ មករំលោភបំពានឈ្លានពានប្រទេសមួយទៀត រហូតបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកបែបនេះទៀតនោះទេ។ ជុំវិញនឹងការរំលោភបំពានពីទាហានថៃនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវឱ្យអន្តរជាតិជួយកម្ពុជាផងដែរ ក្នុងនោះក៏មានប្រទេសបារាំង ពិសេសគឺប្រធានាធិបតីបារាំងក៏បានយល់ព្រមប្រគល់ផែនទី ជូនប្រទេសកម្ពុជា ដើម្បីយកមកប្រើប្រាស់ក្នុងកិច្ចការយុត្តាធិការតវ៉ានេះ។

ពាក់ព័ន្ធនឹងការស្នើបេក្ខភាពរបស់ ឯកឧត្តម ឱ្យបន្តជាអនុប្រធានសមាគម AIMF ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានឯកភាពយល់ព្រមទទួល ដោយឯកឧត្តមគ្រោងនឹងដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច និងចូលរួមមហាសន្និបាតរបស់សមាគមAIMF នៅប្រទេសម៉ារ៉ុកនៅដើមខែក្រោយនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *