ខេត្តព្រៃវែង៖ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២៦) ដោយក្តីកតញ្ញូតាធម៌ និងស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១៤ឆ្នាំ នៃការយោងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តព្រៃវែង។
នៅក្នុងឱកាសដ៏ក្រៀមក្រំ និងប្រកបដោយក្តីនឹករលឹកនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង បានរួមគ្នាសង្រួមចិត្តស្ងប់ស្ងាត់ ១នាទី ដើម្បីសម្តែងនូវការគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ធំធេងរបស់ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មាយុ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល បានចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដឹកនាំទាមទារបានមកវិញនូវ «ឯករាជ្យជាតិ» ជូនជាតិមាតុភូមិយ៉ាងបរិបូរណ៍នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រមទាំងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងសម័យសង្គមរាស្ត្រនិយម។
ទន្ទឹមនឹងនេះ អង្គពិធីទាំងមូលបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមយាងព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» បានយាងទៅបដិសន្ធិក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តរួមគ្នាបន្តដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនតទៅមុខជាភិយ្យោភាព៕

