ពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ នៃសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណ និងជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦។
ពិធីជួបសំណេះសំណាលនេះ រៀបចំឡើងក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រី និងបុគ្គលិក ដែលបានរួមចំណែកបំពេញការងាររដ្ឋបាល និងបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត។ ជាពិសេស ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ ក៏ជាពេលវេលាដែលមន្ត្រីរាជការ និងបុគ្គលិកបានជួបជុំគ្នា បង្កើនភាពស្និទ្ធស្នាល និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសម្តែងការអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបានសុខភាពល្អ សុភមង្គល សេចក្តីចម្រើន និងសំណាងល្អ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់មន្ត្រី និងបុគ្គលិកទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាព ការទទួលខុសត្រូវ វិន័យការងារ និងស្មារតីបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ និងប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការងាររដ្ឋបាលឱ្យបានល្អប្រសើរ ដោយត្រូវបន្តសហការគ្នា គោរពវិន័យរដ្ឋបាល និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ឱ្យចូលរួមថែរក្សា និងលើកតម្កើងប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរ ព្រមទាំងបន្តផ្សព្វផ្សាយ និងអនុវត្តស្មារតីសាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងការរស់នៅប្រកបដោយសីលធម៌ សុជីវធម៌ ក្នុងសង្គម។
ការជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយភាពកក់ក្តៅ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ចំពោះមន្ត្រីរាជការ និងបុគ្គលិកគ្រប់ប្រភេទ ដែលកំពុងបំពេញការងាររួមគ្នា ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តពោធិ៍សាត់ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ នៃសាលាខេត្តពោធិ៍សាត់ បានសម្តែងនូវស្មារតីសាមគ្គីភាព និងការចូលរួមអបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ ដោយរួមគ្នាថែរក្សានូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។

