ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត តំណាងប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ សរុបចំនួន ៣៥០រូប។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដូចខាងក្រោម ៖
-មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់តាមដានរាល់ការណែនាំ និងផែនការរបស់ក្រសួង និងរដ្ឋបាលអោយមានប្រសិទ្ធភាព។
-ក្រុមការងារចុះបញ្ជីទាំងអស់ ត្រូវខិតខំពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លក្ខណៈដាច់ដាច់ដុំ និងចុះបញ្ជីបន្ត ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
-មន្ទីរជំនាញត្រូវត្រូវផ្សព្វផ្សាយការងារយុទ្ធនាការ ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជី។
-មន្ទីរជំនាញ ត្រូវជំរុញការងារដោះស្រាយវិវាទដីធ្លី ការចុះពិនិត្យ និងណែនាំដល់ម្ចាស់សំណង់ទាំងអស់ ឲ្យមកសុំច្បាប់អនុញ្ញាតិសាងសង់ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋឲ្យសាងសង់ផ្ទះឲ្យមានរបៀបរៀបរយ៕

