អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី នៅក្រុងកំពង់ចាម

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី នៅក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ដែលទើបសាងសង់រួចរាល់ ចាប់ពីចំណុចផ្លូវភ្លោះទល់មុខធនាគារ អេស៊ីលីដា មានប្រវែង ៦៣០ម៉ែត្រ រហូតដល់គល់ស្ពានគីហ្សូណា នឹងត្រូវបំពាក់បង្គោលភ្លើងចំនួន ២៥ដើម ដោយរៀបចំដាក់ជាលក្ខណៈធ្មេញរណារ។ បង្គោលភ្លើងនឹងត្រូវដាក់ឆ្លាស់គ្នា ដោយមានគម្លាតពីបង្គោលមួយទៅបង្គោលមួយទៀតប្រវែង ៥០ម៉ែត្រ និងគម្លាតរវាងបង្គោលដែលដាក់ឆ្លាស់គ្នា ២៥ម៉ែត្រ។

ដោយឡែក នៅតំបន់រង្វង់មូលសេះទន្លេអុំ ក្រុមការងារបច្ចេកទេសបានដំឡើងបង្គោលភ្លើងចំនួន ៣ដើម រួចរាល់ហើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុងកំពង់ចាម ឱ្យរៀបចំក្រុមការងារបច្ចេកទេសចុះជួសជុល កែលម្អ និងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រីបន្ថែម តាមបណ្តោយសួនច្បារមាត់ទន្លេ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរដែលមកលម្ហែកម្សាន្ត។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សួនច្បារទន្លេអុំ ដែលកំពុងដំណើរការយ៉ាងមមាញឹក។ គិតមកដល់ពេលនេះ ការដ្ឋានសម្រេចបានប្រមាណ ៧០% ហើយ ដោយរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីបច្ចេកទេស និងក្រុមជាងយកចិត្តទុកដាក់អនុវត្តការងារសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាព និងភាពរឹងមាំនៃសំណង់ អាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋតរៀងទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *