ភ្នំពេញ៖ យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចធិបតីបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបយ៉ាងសកម្មទៅនឹងការអំពាវនាវរបស់សម្តេចកាលពីថ្ងៃទី១ ខែតុលា កន្លងទៅ ដោយបានយល់ព្រមចូលជួបប្រស្រ័យទាក់ទងជាមួយក្រុមការងារអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របជុំវិញបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) លើខ្នងភ្នំ១៥០០។
នាឱកាសនោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មីនូវជំហរយ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលចាត់ទុកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងរកដំណោះស្រាយជូន តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះសម្បែងជូន ដែលកន្លងមកសម្រេចបានរាប់ពាន់គ្រួសារនៅទូទាំងប្រទេស តាមរយៈកម្មវិធីសំខាន់ៗដូចជា កម្មវិធី LASED, កម្មវិធីផ្តល់ដីជូនអតីតយុទ្ធជន និងនិវត្តជន, ព្រមទាំងកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពជាដើម។
ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដឹកនាំដោយ ឯកឧត្តម កែវ រតនៈ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ ព្រមទាំងការសម្របសម្រួលស្វែងរកដំណោះស្រាយជូនប្អូនស្រី សែម សុខគា ប្រកបដោយភាពទន់ភ្លន់ ស្របតាមស្មារតីនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។
ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថាតំបន់អន្ទង់អាំង (បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអាជ្ញាធរនឹងរៀបចំដាំដើមឈើឡើងវិញ ដើម្បីស្តារគម្របព្រៃឈើ និងអភិវឌ្ឍប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ សម្រាប់បម្រើដល់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕


