ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រចំនួន ៣ភូមិ រួមមាន៖ ភូមិគល់ទទឹង ភូមិសន្ទ្រែ និងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ គល់ទទឹង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក-លោកស្រី ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដីស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីធ្លីយ៉ាងច្រើនកុះករ។
ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការឆ្លើយតបយ៉ាងសកម្មចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ ដើម្បីបង្កើនសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការយកប័ណ្ណកម្មសិទ្ធិនេះទៅប្រើប្រាស់ជាប្រយោជន៍ផ្លូវច្បាប់ និងសេដ្ឋកិច្ចគ្រួសារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ ព្រមទាំងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋថែរក្សាទុកដាក់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងនេះឱ្យបានល្អប្រសើរ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយ៕

