ក្រុមប្រឹក្សាខេត្តជំរុញឱ្យរដ្ឋបាលក្រុង ស្រុកយកចិត្តទុកខ្ពស់​ និងជំរុញការផ្សព្វផ្សាយដល់អាណាព្យាបាលឱ្យយល់ដឹងអំពីករណីលង់ទឹកក្នុងរដូវវស្សា!

សៀមរាប: នាថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៦​ នៅបន្ទប់ប្រជុំសាលាខេត្តបានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក​ អ៉ឹង​ គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាល​​ នៃគណៈអភិបាលខេត្ត​ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ​ សមាសជិកក្រុមប្រឹក្សាខេត្ត​ នាយក​ នាយករង​រដ្ឋបាលខេត្ត លោក​ អភិបាល​ នៃគណៈអភិបាលក្រុង ស្រុក​ និង​តំណាងស្នងការនគរបាលខេត្ត​ កងរាជអាវុធហត្ថខេត្ត ព្រមនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត។

បន្ទាប់ពីអង្គប្រជុំបានអនុម័តលើរបៀបវារៈចំនួន ៤រួចមក អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងលម្អិតលើរបៀបវារៈនីមួយៗ ដើម្បីធ្វើការអនុម័ត។ ក្នុងនោះ​ដែរ​ ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្តបានណែនាំដល់លោក អភិបាល​ក្រុង​ ស្រុកធ្វើការពិនិត្យការងារគ្រោះមហន្តរាយបន្ទាប់ពីទឹកបានស្រក និងត្រូវវាយតម្លៃនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ សាលារៀន​ និងដំណាំផ្សេង ពិសេសដំណាំស្រូវផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម​ ប្រធានក៏បានជំរុញក្រុមការងារចុះមូលដ្ឋានពិនិត្យ​ និងដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ចៀសវាងមានបញ្ហានៅសេសសល់ច្រើន ម្យ៉ាងទៀតរាល់បញ្ហាដែលបានដោះស្រាយរួច សូមបញ្ជូនទៅក្រុង ស្រុក​ ដើម្បីធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបអំពីដំណោះស្រាយរបស់យើង មួយវិញទៀត រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំ និងពិនិត្យផ្ទៀងផ្ទាត់ ការងារអត្រានុកូលដ្ឋាន ជាពិសេសអត្តសញ្ញាណបណ្ណ ដែលផុតកំណត់ និងហួសសុពលភាព ត្រូវរៀបចំធ្វើជូនប្រជាពលរដ្ឋឡើងវិញ។

លោក​ អភិបាលក្រុង ស្រុកក៏បានរាយការណ៍អំពីផលប៉ះពាល់នូវគ្រោះមហន្តរាយដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ដោយក្នុងនោះដំណាំស្រូវមិនទាន់មានផលប៉ះពាល់នៅឡើយទេ ព្រោះទឹកជន់លិចមានរយៈពេលខ្លី ហើយហេដ្ឋារចនាសម្ព័ន្ធមានប៉ះពាល់មួយចំនួន។ ទន្ទឹមនឹងនេះ​ យើងក៏មានការសោកស្តាយចំពោះឧបទ្ទេវហេតុដែលមានក្មេងៗលង់ទឹកបណ្តាឱ្យបាត់បង់ជីវិតផងដែរ។

ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានណែនាំបន្ថែមដល់ក្រុង ស្រុក​ដើម្បីធ្វើការទប់ស្កាត់ និងរៀបចំផែនការក្នុងការត្រៀមជម្លៀសបងប្អូនដើម្បីរកទីទួលសុវត្ថិភាព ហើយក្រុង ស្រុកត្រូវមានផែនទីមួយដើម្បីពិនិត្យនូវផ្លូវទឹកក្នុងការរំដោះទឹកនាឆ្នាំក្រោយៗ។ មួយវិញទៀត​ យើងត្រូវជំរុការផ្សព្វផ្សាយបន្ថែមអំពីដល់អាណាព្យាបាលរបស់កុមារ​ ដើម្បីកុំឱ្យកុមារទៅលេងទឹកក្នុងអំឡុងពេលទឹកឡើង។

លោក​ អ៉ឹង​ គឹមលាង​ ការងារគ្រោះមហន្តរាយនេះ ឆ្នាំមុនៗខេត្តយើងមានរន្ទះបាញ់ និងលង់ទឹកច្រើន ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ គឺយើងមានការកាត់បន្ថយច្រើន ពិសេសរន្ទះបាញ់ ដោយសារតែខេត្តយើងបានដំឡើងប្រព័ន្ធការពាររន្ទះនៅតាមទីតាំងមួយចំនួន។ ពាក់ព័ន្ធ​នឹងការលង់ទឹក សូមក្រុង​​ ស្រុកជំរុញផ្សព្វផ្សាយបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានខ្ពស់ចំពោះករណីនេះ។ មួយវិញទៀត​ ចំពោះការស្តារប្រឡាយ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានធ្វើការចុះពិនិត្យ និងកាយប្រឡាយបានមួយចំនួន ដើម្បីពន្លឿនឱ្យទឹកហូរបានលឿនចៀសវាងជន់លិចយូរ។ ដោយឡែក​ នៅប្រព័ន្ធធារាសាស្ត្រមួយចំនួន​ និងទន្លេសាបនៅមានកម្ពស់ទឹកមួយដែលយើងគ្រប់គ្រងបាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *