ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងពិភាក្សាលើការងារអភិវឌ្ឍន៍ខេត្ត

ខេត្តព្រៃវែង: នារសៀលថ្ងៃទី០៥  ខែតុលា  ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣៨៥ រូប នៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ តំណាងឯកឧត្តមប្រធានសាលាដំបូង តំណាងឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្ត។

ជាមួយគ្នានោះដែរ ក៏មានការចូលរួមពី អភិបាលក្រុង-ស្រុកទាំង១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត, ប្រធានគយចល័តផ្លូវជាតិលេខ ១ និង៨ ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំរដ្ឋបាលខេត្ត អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក ព្រមទាំងមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ-សង្កាត់ទូទាំងខេត្តផងដែរ។

​នៅក្នុងអង្គប្រជុំបានផ្តោតលើការធ្វើបទអន្តរាគមន៍ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៦ រួមមាន៖

​១.ការងារសន្តិសុខ និងអត្តសញ្ញាណកម្ម បទអន្តរាគមន៍ស្តីពីការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។

២.បទអន្តរាគមន៍បង្ហាញពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដោយ៖
​លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
​លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
​លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។

៣.បទអន្តរាគមន៍ស្តីពីសមិទ្ធផលការងារសម្រេចបាន និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ ដោយ៖
​លោកអភិបាលនៃគណៈអភិបាលស្រុកមេសាង។
​លោកអភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល។

៤.បទអន្តរាគមន៍ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ នីតិវិធីនៃការដេញថ្លៃគម្រោង ព្រមទាំងការតាមដានលទ្ធផល និងគុណភាពនៃការអនុវត្តគម្រោងនៅមូលដ្ឋាន ដោយ៖
​លោកមេឃុំបាបោង (ស្រុកពាមរក៍)។
​លោកមេឃុំជាច (ស្រុកកំចាយមារ)។

៥.ការផ្លាស់ប្តូរមតិយោបល់ និងការចូលរួមមតិពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងខេត្ត។

៦. បញ្ហាផ្សេងៗ ពិភាក្សា និងតម្រង់ទិសលើការងារចាំបាច់មួយចំនួនទៀត។

​កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងជំរុញលើការអនុវត្តគម្រោងអភិវឌ្ឍន៍នានាក្នុងខេត្តព្រៃវែងឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានគុណភាពខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *