(ពោធិ៍សាត់)៖ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជាប្រធានកិត្តិយស សាខាសមាគមកាយឫទ្ធិនារីកម្ពុជា ប្រចាំខេត្តពោធិ៍សាត់ បានដឹកនាំសមាជិក សមាជិកា និងក្រុមកាយឫទ្ធិនារីជាន់ខ្ពស់ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តកែវវិជ័យ (វត្តមេគណខេត្ត) ដែលមានទីតាំងស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីបុណ្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ដើម្បីរួមគ្នាបួសសួងឧទ្ទិសកុសលផលបុណ្យ និងបង្ហាញពីសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។
ក្នុងបរិយាកាសដ៏អធិកអធម និងសែនកក់ក្តៅនោះ ថ្នាក់ដឹកនាំ និងសមាជិកាទាំងអស់ បានរៀបចំចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ព្រមទាំងបានអុជធូបទៀន ថ្វាយបង្គំព្រះរតនត្រ័យ និងឧទ្ទិសទានផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ញាតិកាទាំងប្រាំពីរសណ្តាន និងវីរជនខ្មែរដែលបានចែកឋានទៅខាងមុខ ក៏ដូចជាការបន់ស្រន់សូមឱ្យខេត្តពោធិ៍សាត់ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។
គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំបំផុត របស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ១៥ថ្ងៃ។ ពិធីនេះមិនត្រឹមតែជារយៈកាលនៃការធ្វើទាន ឧទ្ទិសកុសលដល់ជនដែលបានចែកឋានទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនូវវប្បធម៌ដ៏ផូរផង់ ការបង្ហាញពីសហគមន៍សាមគ្គីភាព និងការថែរក្សាឫសគល់ នៃប្រពៃណីព្រះពុទ្ធសាសនាដ៏យូរលង់របស់បុព្វបុរសខ្មែរយើងផងដែរ។
ការចូលរួមរបស់លោកជំទាវ អាំង សុជាតា ខូយរីដា ព្រមទាំងសមាជិកា និងក្រុមកាយឫទ្ធិនារីនាឱកាសនេះ មិនត្រឹមតែបង្ហាញពីការគោរពប្រតិបត្តិធម៌សាសនាយ៉ាងខ្ជាប់ខ្ជួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អប្រពៃក្នុងការរួមចំណែកដឹកនាំ និងអប់រំយុវជនជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងយុវជនកម្ពុជា ឱ្យបានគង់វង្សស្ថិតស្ថេរគាប់ប្រសើររហូតតទៅ៕

