អាជ្ញាធរខេត្តបាត់ដំបង ដំឡើងអំពូលសូឡាតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្ត មានប្រវែងប្រមាណ ១៤០គីឡូម៉ែត្រ

បាត់ដំបង ៖ គម្រោងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ប្រវែងប្រមាណ ១៤០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់ដល់ខេត្តបន្ទាយមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ដោយចាប់ផ្ដើមពីស្រុកមោងឫស្សី។

គម្រោងដំឡើងអំពូលសូឡានេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អំពូលសូឡាដែលធ្វើឡើង នៅបរិវេណអនុវិទ្យាល័យមោងឫស្សី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីតែងតែគិតគូរខ្លាំងណាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានផ្ដល់អំពូលសូឡាបំភ្លឺតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដែលជាសមិទ្ធផលដ៏ធំធេងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាការពារសមិទ្ធផលនានា សម្អាតបរិស្ថាន ទប់ស្កាត់ការរំលោភដីចំណីផ្លូវសាធារណៈ បន្តដាំដើមឈើ និងបន្តបំពាក់ភ្លើងសូឡានៅតាមទីប្រជុំជនក្នុងឃុំ-សង្កាត់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ក្នុងការគិតគូរពីសុខសុវត្ថិភាពរបស់ពលរដ្ឋនៅមូលដ្ឋាន សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងឯកឧត្តម កើត រិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានជួយសម្របសម្រួលក្នុងការស្នើសុំបំពាក់ភ្លើងសូឡាតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ នៅពេលយប់ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *