(ព្រៃវែង) : នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ មេភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ត្រូវតែផ្សព្វផ្សាយបន្តនូវខ្លឹមសារ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំ ខាងលើទៅកាន់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយក្នុងឱកាសដែលប្រជាពលរដ្ឋវិលត្រឡប់មកមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យពួកគាត់បានយល់ដឹងអំពីអត្ថប្រយោជន៍នៃឯកសារសម្គាល់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ការផ្តាំផ្ញើនេះក្នុងឱកាស ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតី បិទកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ លេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ និងប្រកាសលេខ ៤២២១ ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងសេចក្តីណែនាំលេខ ០៥០ សជណ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ “A” សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការញ្ជើញចូលរួមពី តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះសាលាខេត្ត អភិបាលក្រុង ស្រុកទាំង១៣ អធិការ អធិការរង នគរបាលក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមន្រ្តីរាជការពាក់ព័ន្ធ សរុបចំនួន ៤៥៣រូប។


