ពិធីប្រគល់មេដាយ បណ្ណអាហារូបករណ៍ វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តសម្រាប់សិស្សមត្តេយ្យ និងបឋមសិក្សា​ ក្នុងឆ្នាំសិក្សា ២០២៥- ២០២៦

សៀមរាប: នាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់មេដាយ បណ្ណអាហារូបករណ៍ វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តសម្រាប់សិស្សមត្តេយ្យ និងបឋមសិក្សា​ ក្នុងឆ្នាំសិក្សា ២០២៥- ២០២៦ នៅសណ្ឋាគារបាយ័ន អេរ៉ា ដោយមានការចូលរួមពី លោកស្រី តាន់ សុហូ នាយិកាស្ថាបនិកវិទ្យាស្ថានអប់រំ សាំងហ្គាពួរ លោក ស៊ិន សុខន ស្ថាបនិកវិទ្យាស្ថាន ឯកឧត្តម បណ្ឌិត សុខ តុញ ស្ថាបនិកវិទ្យាស្ថាន លោកជំទាវ ស៊ិន សុខា ស្ថាបនិក និងជានាយិកាហិរញ្ញវត្ថុវិទ្យាស្ថាន លោក ថាត សុគន្ធារ៉ុង នាយកប្រតិបត្តិវិទ្យាស្ថាន លោក លាវ ឧរ៉ា នាយករងវិទ្យាស្ថាន លោកស្រី អ៊ុក សត្យា ប្រធានកម្មវិធីអប់រំភាសា លោក ជេហ្វ្រី វណ្ណ ណៃណាថិន( Mr. Jeffrey Van Nijnatten) ប្រធានរៀបចំកម្ម​វិធីអ​ប់រំភាសា លោកស្រី ចែន ប៉ៃលីង (Ms. Chen Pai Ling) ប្រធានក្រុមរៀបចំកម្មវិធីភា​សា​ចិ​ន និងលោក លោកស្រី​ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ក្មួយៗសិ​ស្សា​នុសិ​ស្ស​​។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានអប់រំ សាំងហ្គាពួរ (SH​IN​E) ដែលបានខិតខំបំពេញតួនាទីក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តសៀមរាប។
តាមរយៈការអនុវត្តកម្មវិធីអប់រំផ្សេងៗ ជាពិសេស កម្មវិធីអប់រំខ្មែរ (KEP) និងកម្មវិធីអប់រំភា​សា (LEP) សាលាសាំងហ្គាពួរ បានបង្កើតឱកាសឱ្យសិស្សានុសិស្សទទួលបានទាំងចំណេះដឹង បំណិនភាសា និងបទពិសោធន៍សិក្សាដែលអាចជួយពួកគេត្រៀមខ្លួនសម្រាប់ការសិក្សាបន្ត និងជីវិតនាពេលអនាគត។ ការអប់រំនៅក្នុងសម័យបច្ចុប្បន្ន មិនមែនមានត្រឹមតែការផ្តល់ចំណេះដឹងតាមមុខវិជ្ជាប៉ុ​ណ្ណោះ​ទេ​។​ យើងត្រូវជួយឱ្យកុមារ និងយុវជនអភិវឌ្ឍ សមត្ថភាពក្នុងការគិត វិភាគ ដោះស្រាយបញ្ហា បង្កើតថ្មី សហការជាមួយអ្នកដទៃ ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ និងមានសីលធម៌ល្អ ដើម្បីអាចរស់នៅ និងប្រកួតប្រជែងបានក្នុងសង្គមដែលកំពុងផ្លាស់ប្តូរយ៉ាង​ឆាប់រហ័ស។

បន្ថែមពីនេះ លោកស្រីក៏សូមកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំរបស់ សាលាសាំងហ្គាពួរ ដែលបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀន អប់រំ និងណែនាំសិ​ស្សានុ-សិស្សផងដែរ។ លទ្ធផលដែលយើងឃើញនៅថ្ងៃនេះ មិនមែនជាលទ្ធផលដែលកើតឡើងដោ​យចៃដន្យនោះទេ ប៉ុន្តែជាផលនៃការខិតខំប្រឹងប្រែងរបស់សិស្ស ការលះបង់របស់លោកគ្រូ អ្នកគ្រូ ការគាំទ្រពីមាតាបិតា និងអាណាព្យាបាល និងការដឹកនាំរបស់ស្ថាប័នអប់រំ។ លោកស្រី ក៏សូមថ្លែងអំណរគុណដល់ មាតាបិតា និងអាណាព្យាបាល ដែលបានចូលរួមយ៉ាងសកម្មជាមួយសាលា។ ការអប់រំកុមារឱ្យទទួលបានជោគជ័យ មិនអាចពឹងផ្អែកលើសាលាតែមួយបានទេ ប៉ុន្តែត្រូវការភាពជាដៃគូរវាង សាលា គ្រួសារ សហគមន៍ និងអាជ្ញាធរ។

លោកស្រីអភិបាលរងខេត្ត បានបន្ថែមថា ក្មួយៗទទួលបានមេដាយ បណ្ណអាហារូបករណ៍ វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្ត។ រង្វាន់ទាំងនេះមិនត្រឹមតែជាការទទួលស្គាល់ចំពោះលទ្ធផលដែលក្មួយៗសម្រេចបាននៅថ្ងៃនេះទេ ប៉ុន្តែជាការលើកទឹកចិត្តឱ្យក្មួយៗបន្តខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។ សូមក្មួយៗចងចាំថា ការសិក្សាមិនមែនបញ្ចប់នៅក្នុងថ្នាក់រៀនទេ។ រៀនពីលោកគ្រូ អ្នកគ្រូ រៀនពីឪពុកម្តាយ រៀនពីមិត្តភក្តិ រៀនពីសហគមន៍ និងរៀនពីបទពិសោធន៍ជុំវិញខ្លួន។ សូមក្មួយៗបន្ត រៀនសូត្រ បម្រើ និងបញ្ចេញពន្លឺ ដោយប្រើចំណេះដឹង និងសមត្ថភាពរបស់ខ្លួ​ន ដើម្បីជួយគ្រួសារ សហគមន៍ និងចូលរួមកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *