(កំពង់ចាម) នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក សេង ពោន អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ត្រូវជាឪពុកក្មេករបស់លោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន បុគ្គលិកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋាន សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ឯកឧត្តម អភិបាលខេត្ត និងសហការី បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន ដែលត្រូវជា ឪពុកក្មេក ឪពុក និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែង តែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត ព្រមទាំងសហការី បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សេង ពោន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

