ព្រៃវែង: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្រើនរម្លឹកសិស្សប្រឡងជាប់ទាំងអស់ មិនថានិទេស្ទA ឬនិទេស្ទផ្សេងឡើយ ត្រូវមានស្មារតីចងចាំជានិច្ចនូវគុណូបការៈលោកឪពុក អ្នកម្ដាយ លោកគ្រូ អ្នកគ្រូ និងមួយផ្នែកទៀត គឺថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ ស.ស.យ.ក ដែលបានជួយគាំទ្រ និងជ្រោមជ្រែង ការសិក្សា។
ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រឡងជាប់សញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ នៅខេត្តព្រៃវែង នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកន្លងមក មានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានបង្កលក្ខណៈ ដឹកនាំកសាង និងអភិវឌ្ឍជាតិ ថែរក្សាការពារសុខសន្តិភាព ធ្វើឱ្យប្អូនៗមានឱកាសទទួលបានការអប់រំស្មើៗគ្នាទូទាំងប្រទេស។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ជាក់ស្ដែងនៅខេត្តព្រៃវែង វិស័យអប់រំមានវឌ្ឍនភាពពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានទាញចំណាប់អារម្មណ៍សិស្សថា ដំណើរទៅមុខនៃជីវិតសិក្សារៀនសូត្រនៅវែងឆ្ងាយទៀត ជាក់ស្ដែងអ្នកខ្លះក៏បានចាប់ផ្ដើមរៀននៅសាកលវិទ្យាល័យ និងសិក្សាជំនាញផ្សេងៗ។ ចំណុចនេះមានន័យថា គ្រប់គ្នាត្រូវតែបន្តតស៊ូក្រេបយកចំណេះ ជំនាញ ព្រមទាំងមេរៀនបទពិសោធថ្មីៗលើសពីភាពជាសិស្ស នឹងក្លាយជានិស្សិត ជាយុវជនមានសក្ដានុពលសម្រាប់ជាតិ។
ដើម្បីឆ្លើយតប និងសម្រេចនូវជោគជ័យបាន ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីការប្រកាម់ខ្ជាប់កិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងចំណេះ និងជំនាញមូលដ្ឋានដែលបានជ្រើសរើសសម្រាប់សិក្សាក្រោយពីប្រឡងជាប់ បូករួមទាំងការប្រព្រឹត្តអំពើល្អក្នុងសង្គម ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ធ្វើយ៉ាងណាឱ្យខ្លួនឯងក្លាយជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។
តាមរបាយការណ៍របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សិស្សជាប់និទ្ទេស A ចំនួនសរុប ១០៥នាក់ (ស្រី ៦៤នាក់) សិស្សជាប់និទ្ទេស B មានចំនួន ៥៨១នាក់ (ស្រី ៣៦២នាក់) សិស្សជាប់និទ្ទេស C ចំនួន ១.៥៧៨នាក់ (ស្រី ៩៩២នាក់), សិស្សជាប់និទ្ទេស D ចំនួន ២.៩៦៣នាក់ (ស្រី ១.៨១៤នាក់) និងសិស្សជាប់និទ្ទេស E មានចំនួន ៣.០៣៩នាក់ (ស្រី ១.៦៦៩នាក់)។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយជាមធ្យោបាយធ្វើដំណើរ ម៉ូតូ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់។ ប្រមុខក្រសួងមហាផ្ទៃ សង្ឃឹម និងជឿជាក់ថា តាមរយៈវឌ្ឍនភាពវិស័យអប់រំរបស់ជាតិនិយាយជារួម និងនិយាយដោយឡែក វិស័យអប់រំនៅខេត្តព្រៃវែង ធនធានមនុស្សពីមួយជំនាន់ទៅមួយជំនាន់នឹងកាន់តែមានចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើជាសសរទ្រូងរបស់ជាតិ ហើយដើម្បីឱ្យមានចំណេះដឹងបាន គឺមានតែការខិតខំរៀនសូត្រ និងចៀសឆ្ងាយពីអំពើអបាយមុខ៕

