ពោធិ៍សាត់៖ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១ សាលាខេត្តពោធិ៍សាត់) ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកទាំង៣ និងក្រុមប្រឹក្សាឃុំដែលស្ថិតនៅជាប់ផ្ទៃទឹកបឹងទន្លេសាប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅរកការអភិរក្សធនធានធម្មជាតិ និងមច្ឆជាតិឱ្យបានគង់វង្ស។
បន្ថែមពីនេះ កិច្ចខិតខំប្រឹងប្រែងនេះក៏ដើម្បីធានាបាននូវប្រភពស្បៀងអាហារមច្ឆជាតិ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព៕

