ខេត្តសៀមរាប : នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានដំណឹងថាលោកយាយ ជា នីន អាយុ៧៨ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាបដែលមានជីវភាពខ្វះខាត ដោយជិះកង់លក់បន្លែ និងផ្លែឈេីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណអភិបាលខេត្តសៀមរាប បានចាត់ក្រុមការងារខេត្តទៅជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយលោកយាយ និងផ្ដល់ជូនជាគ្រឿងបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់គាត់។
ជាមួយគ្នានេះ ក្រុមការងារក៏បានពាំនាំ ការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្តនឹងជួយរៀបចំជួសជុលផ្ទះជូនលោកយាយឱ្យបានសមរម្យជាងនេះ ដោយសារផ្ទះរបស់គាត់បច្ចុប្បន្នមានសភាពទ្រុឌទ្រោម និងលិចទឹកផងដែរ។
សូមបញ្ជាក់ថាអំណោយជាគ្រឿងឧបភោគបរិភោគដែលបានផ្តល់ជូនលោកយាយមាន អង្ករ៥០គីឡូក្រាម មី ២កេស ទឹកសុទ្ធ ២កេស ភេសជ្ជៈ ២កេស ត្រីខ ២យួរ អំបិល ២គីឡូក្រាម ប្រហុក ២គីឡូ ក្រាម ស្ករស ២គីឡូក្រាម ទឹកស៊ីអ៉ីវ ២យួរ ទឹកត្រី ២យួរ ចានឆ្នាំង១ឈុត មុង ១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ១លានរៀល ។

