(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលជាមួយនាយទាហានជាសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការងារ។
ក្នុងឱកាសនេះ ឯកឧត្តម វង្ស ពិសេន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលបានបញ្ជូននាយទាហានមានសមត្ថភាពមកចូលរួមបេសកកម្មដ៏សំខាន់នេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមាជិកក្រុម AOT ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាតែងបានគាំទ្រ និងសម្របសម្រួលយ៉ាងល្អដល់បេសកកម្មរបស់ AOT ក្នុងការចុះសង្កេតការណ៍នៅទីតាំងជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីកត់ត្រា និងប្រមូលព័ត៌មានឱ្យបានត្រឹមត្រូវ និងអព្យាក្រឹត។ ក្នុងករណីមានហេតុការណ៍មិនប្រក្រតី ក្រុម AOT អាចចុះពិនិត្យទីតាំងជាក់ស្តែងបានទាន់ពេលវេលា ដោយតម្លាភាព និងវិជ្ជាជីវៈ។
ឯកឧត្តមបានរំលេចថា បេសកកម្ម AOT គឺជាបេសកកម្មដ៏សំខាន់មួយ ដែលបានចារទុកក្នុងប្រវត្តិសាស្ត្រអាស៊ាន ក្នុងការចូលរួមដោះស្រាយបញ្ហាជម្លោះរវាងប្រទេសសមាជិកអាស៊ានខ្លួនឯង។ ទន្ទឹមនេះ បេសកកម្មក៏មានភាពស្មុគស្មាញ និងតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅទីតាំងជាក់ស្តែង។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមអស់រយៈពេលយូរ និងទើបទទួលបានសន្តិភាពពេញលេញក្នុងរយៈពេល២៧ឆ្នាំចុងក្រោយនេះ មានការយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព និងតែងតែផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមិនមានមហិច្ឆតាឈ្លានពានទឹកដី ឬធ្វើសង្គ្រាមជាមួយប្រទេសណាមួយឡើយ ហើយក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាគាំទ្រការរក្សាសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីរួមគ្នាជំរុញសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់។
ឯកឧត្តមអគ្គមេបញ្ជាការបានអះអាងថា កម្ពុជានៅតែបន្តរក្សាជំហរ និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

