រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមពិធីបើកសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញថ្លែងបើកសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបាតុភូតថ្មី ក្រោយកូវីដ-១៩ ហើយឧក្រិដ្ឋកម្មនេះ បានផ្ទុយទាំងស្រុងពីវប្បធម៌នៃការរស់នៅ និងបរិយាកាសនៃការកសាង និងអភិវឌ្ឍជាតិរបស់កម្ពុជា។
បើតាមសម្ដេចធិបតី កម្ពុជាមិនអាចឱ្យបញ្ហានេះវាយប្រហារមកលើសមិទ្ធផល និងកិត្តិយសប្រទេសជាតិបានឡើយ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំដោយ សម្ដេចផ្ទាល់ ដើម្បីដាក់ទម្ងន់ឱ្យកាន់តែខ្លាំងក្លាក្នុងប្រតិបត្តិការបោសសម្អាតស្កេម និងឈានទៅបង្កើតច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាលទ្ធផល ប្រតិបត្តិការកណ្ដាប់ដែក បានបំបែក និងបោសសម្អាតទីតាំងធំៗ ប៉ុន្តែទទួលស្គាល់ថា នៅមានសេសសល់ទីតាំងតូចៗ ដែលត្រូវបន្តតាមកម្ទេចឱ្យដល់ឫសគល់។
បន្ថែមលើនេះ សម្ដេចមហាបវរធិបតី បានមានប្រសាសន៍ទៀតថា កម្ពុជាកំពុងកសាងឯកសារច្បាប់ ធ្វើទំនើបកម្មយន្តការ ពង្រឹងគុណភាពធនធានមនុស្ស ជាដើម ដើម្បីធានាបាននូវប្រសិទ្ធភាពជាយូរអង្វែងលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស ឆ្លើយតបឱ្យទាន់សភាពការណ៍នៃការប្រែប្រួលដ៏ឆាប់រហ័ស និងភាពស្មុគស្មាញនៃបច្ចេកវិទ្យាឌីជីថល ដែលជាមធ្យោបាយដ៏សំខាន់របស់ពួកឧក្រិដ្ឋជន។
សម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចទិសដៅបន្ត កិច្ចសហប្រតិបត្តិការជាសកល គឺជាគន្លឹះសំខាន់តែមួយគត់ក្នុងការឈានទៅកាត់ផ្ដាច់បទល្មើសមានខ្សែបណ្ដាញជាសកលមួយនេះ និងថា កិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ និងបើកចំហ លើការផ្លាស់ប្ដូរព័ត៌មាន មេរៀន និងបទពិសោធ គឺជាចំណុចស្នូលដែលត្រូវជំរុញ និងលើកទឹកចិត្ត។ ផ្ទុយទៅវិញ ការប្រើសលេសបង្ក្រាបបទល្មើសមួយនេះ ដោយបំពានសមត្ថកិច្ចអធិបតេយ្យ និងឈ្លានពានកាន់កាប់ទឹកដី គឺជាការអនុវត្តផ្ទុយពីច្បាប់អន្តរជាតិ និងសច្ចធម៌នៃកិច្ចសហប្រតិបត្តិការ។
សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖
ទី១. ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ទី២. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ទី៣. លើកកម្ពស់ការផ្លាស់ប្ដូរបទពិសោធ និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សន្និសីទនេះ នឹងអនុម័តលើឯកសារលទ្ធផលមួយ ដែលនឹងផ្ដល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕

