សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាកម្ពុជាមិនមែនជាដើមហេតុនៃបណ្តាញឆបោកឆ្លងដែនទេ!

(ភ្នំពេញ) :សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្ដើម ឬកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះឡើយ ខណៈកម្ពុជាបានប្រកាសទទួលខុសត្រូវខ្ពស់ និងដាក់ចេញនូវវិធានការផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់បំផុតដោយគ្មានការយោគយល់ ដើម្បីធានាសន្តិភាពព្រំដែន ការអនុវត្តច្បាប់ និងការពារបូរណភាពជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ នៅពេលបច្ចុប្បន្ន បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្ត និងសម្របខ្លួនឆ្លងកាត់តាមរយៈព្រំដែនយ៉ាងឆាប់រហ័ស ដោយពួកវាបានឆ្លៀតឱកាសពីអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្ដាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។

ទន្ទឹមនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាទទួលខុសត្រូវទាំងស្រុងលើការធានាសន្ដិភាពព្រំដែន ការអនុវត្តច្បាប់ និងការស្ដារឡើងវិញនូវបូរណភាពជាតិនៃយុត្តាធិការជាតិ ដែលការទទួលខុសត្រូវនេះ ត្រូវតែបង្ហាញឱ្យឃើញជាក់ស្តែងតាមរយៈវិធានការផ្ទៃក្នុងដ៏ម៉ឺងម៉ាត់ និងមិនមានការយោគយល់ជាដាច់ខាត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *