អភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ផ្ដល់ជូនពលរដ្ឋដែលត្រូវរុះរើផ្ទះ គេចពីការបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ!

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ចំនួន ២៣ គ្រួសារ មកពីឃុំចំនួន ៤ ក្នុងស្រុកស្រីសន្ធរ រួមមាន ឃុំឫស្សីស្រុក ឃុំកោះអណ្តែត ឃុំព្រែកពោធិ៍ និងឃុំមានជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ទិន្នន័យឱ្យបានជាក់លាក់ ដើម្បីដាក់ផែនការសង្គ្រោះបន្ទាន់ និងធ្វើការស្ដារឡើងវិញឱ្យមានប្រសិទ្ធភាព និងចំគោលដៅ នូវហេដ្ឋារចនាសម្ព័ន្ធ និងការខូចខាតនានា ពីករណីបាក់ស្រុតច្រាំងទន្លេដែលកំពុងកើតមាននេះ ពោលគឺ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ មិនថាពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ស្រុតច្រាំងក៏ដោយ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការ និងការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ឯកឧត្តម អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្ដារ ជួសជុល និងរៀបចំលំនៅដ្ឋានឡើងវិញ។ ចំពោះការរស់នៅ ត្រូវអនុវត្តវិធានការអនាម័យស្អាត និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផងដែរ។

គួរបញ្ជាក់ថា អំណោយរបស់សម្ដេចមហាបវរធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានផ្ដល់ជូនពលរដ្ឋទាំង ២៣ គ្រួសារ ដោយក្នុង ១ គ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកសុទ្ធ ១ កេស តង់ ១ ឃីត ១ សម្រាប់ (មុង ភួយ ក្រមា សារុង) និងថវិកាចំនួន ៤០ ម៉ឺនរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *