ឯកឧត្តម សួន សុម៉ាលីន៖ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព!

ខេត្តព្រៃវែង: នៅក្នុងពិធីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៅស្រុកស្វាយអន្ទរ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់លើការងារផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រកចេញចូលតែមួយស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ ក្នុងស្រុកស្វាយអន្ទរ។

​កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបើកវេទិកាពិភាក្សាលើបញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន។ ការពង្រឹងយន្តការនេះ ធ្វើឡើងសំដៅលើកកម្ពស់គុណភាពនៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភា និងប្រសិទ្ធផលខ្ពស់ជូនប្រជាពលរដ្ឋ។

​សមាសភាពអញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖​ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ​លោកនាយក និងនាយករងរដ្ឋបាលសាលាខេត្ត ​លោកស្នងការនគរបាលខេត្ត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ​ប្រធានក្រុមប្រឹក្សាស្រុក អភិបាល និងអភិបាលរងក្រុង-ស្រុក ​ក្រុមការងារថ្នាក់ខេត្តគាំទ្រការផ្តល់សេវាក្រុង ស្រុក ឃុំ សង្កាត់ ​ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធដែលមានសេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត
​ប្រធាន និងអនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត
​នាយក និងនាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ មន្ត្រីចំណុះរដ្ឋបាលស្រុក ព្រមទាំងមេឃុំ និងស្មៀនឃុំ ។

​ពិធីនេះមានអ្នកចូលរួមសរុបចំនួន ១០៣រូប ដោយបានពិភាក្សាលើដំណោះស្រាយផ្សេងៗ ដើម្បីធានាថាការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងរហ័ស៕

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *