បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរជូនសិស្សជ័យលាភី សិស្សពូកែ សិស្ស៣ល្អ យុវជនឆ្នើម កីឡាករ កីឡាការិនី និងសិស្សពិការ គ ថ្លង់ នៃវិទ្យាល័យសម្ដេចឪ ខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅក្នុងសាលប្រជុំវិទ្យាល័យសម្ដេចឪ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់សិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ឯកឧត្តម អភិបាលខេត្ត ចាត់ទុកការបណ្ដុះបណ្ដាលធនធានមនុស្សពិតជាសំខាន់ និងចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជាទៅអនាគត។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់សិស្សឱ្យចាប់យកមុខវិជ្ជាបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថលជាពិសេសមុខវិជ្ជាបញ្ញាសិប្បនិម្មិត (AI) ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបៀបរស់នៅ ការធ្វើការងារ និងការអភិវឌ្ឍសង្គមជាតិទាំងមូល។ តាមរយៈបទពិសោធន៍ដែលទទួលបានពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ
ឯកឧត្តម អភិបាលខេត្ត បានរំលេចសារសំខាន់ៗនៃ AIអាចធ្វើការងារដែលស្មុគស្មាញ និងត្រូវការពេលយូរបានយ៉ាងឆាប់រហ័ស ដោយកាត់បន្ថយការខុសឆ្គងរបស់មនុស្ស និងជួយកាត់បន្ថយពេលវេលាក្នុងការបំពេញភារកិច្ចផ្សេងៗ។ AIជាឧបករណ៍ដ៏មានឥទ្ធិពលជួយពង្រឹងសមត្ថភាពមនុស្សឱ្យធ្វើការបានល្អជាងមុន និងបង្កើតឱកាសថ្មីៗសម្រាប់អនាគត។
លើសពីនេះ ឯកឧត្តម អភិបាលខេត្ត ក្រើនរំឭកដល់សិស្សត្រូវចូលរួមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវ និងមានសីលធម៌ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

