រាជរដ្ឋាភិបាលមិនដែលភ្លេចមួយវិនាទីណាឡើយ ក្នុងការការពារទឹកដីនិងប្រជាជន

(ភ្នំពេញ) :សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ចំពោះរឿងទឹកដី គឺមិនដែលភ្លេចទេ ហើយការដោះស្រាយគ្រប់វិធីទាំងអស់មិនដែលភ្លេចសូម្បីមួយវិនាទី ពីព្រោះរាល់ថ្ងៃកងទ័ពយើងនៅឈរជើងនៅជួរមុខដើម្បីទប់ស្កាត់ និងការពង្រឹងការពារជាតិ ហើយមេទ័ពយើងដែលឈរជើងត្រៀមប្រយុទ្ធ អត់មានបោះបង់ទឹកដីឱ្យពីណាគេទេ។ បើនិយាយថាបាត់ទឹកដីទាល់តែរដ្ឋាភិបាលចុះហត្ថលេខាឯកភាព យើងអត់មានចុះហត្ថលេខា លើឯកភាពទេ អ្វីដែលមានឯកភាពជាមួយថៃ នូវផែនទី អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដែលបារាំងបានចុះហត្ថលេខាជាមួយថៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក។

នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់បន្ថែមថា រឿងទឹកដីនេះគឺយើងមិនទាន់មានការចុះហត្ថលេខាព្រមព្រៀងគ្នានូវភាពណាមួយនៅលើព្រំដែនទឹក ឬព្រំដែនគោកនោះទេ ហើយគណៈកម្មាធិការចម្រុះព្រំដែន (JBC) បានចុះធ្វើការសម្រេចបានប្រមាណ ២០ភាគរយ និងបានឯកភាពគ្នាទៅលើបង្គោលព្រំដែនមួយចំនួន ប៉ុន្តែមិនទាន់មានការផ្ទៀងផ្ទាត់ឡើងវិញពេញលេញនៅឡើយទេចំពោះខ្សែព្រំដែនដែលបានវាស់វែងតាំងពីឆ្នាំ១៩០៧។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា គ្មានខ្សែព្រំដែនថ្មីណាមួយត្រូវបង្កើតឡើងនោះទេ ចំពោះការចុះទៅបំពេញការងារលើដី ហើយមានការយល់ច្រឡំថាជាការបោះបង្គោលថ្មី សម្តេចបានបញ្ជាក់ថា ក្រុមការងារចុះទៅគឺដើម្បីរកទីតាំងបង្គោលតែប៉ុណ្ណោះ ហើយបង្គោលណាមួយ ទោះថ្មី ឬចាស់ បើសិនជាស្ថិតនៅខុសពីទីតាំងដែលបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ គឺត្រូវតែរំកិលចេញទៅវិញឱ្យចំទីតាំងដើមត្រឹមត្រូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *