ការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋក្នុងស្រុកអង្គរធំ និងក្នុងក្រុងសៀមរាប ខេត្តសៀមរាប!

សៀមរសប: នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រស្រុកអង្គរធំ និងនៅទីស្នាក់ការចរាចរណ៍ ស្នងការនគរបាលខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប បានដឹកនាំមន្រ្ដីជំនាញ កងកម្លាំងនគរបាលចរាចរណ៍ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ដ ធ្វើការចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងចែកសៀវភៅស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងធ្វើការបិទចំណាំងផ្លាត ដល់គោយន្ដជាច្រើនគ្រឿង។

លោក អភិបាលរងខេត្ដ បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ មុននឹងចេញដំណើរត្រូវត្រួតពិនិត្យយានយន្ត ទោចក្រយានយន្ដរបស់ឱ្យបានត្រឹមត្រូវ និងជាពិសេសគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ លោក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកអង្គរធំទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលណាកើតឡើងនៅគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ របួស បាត់បង់អវយវៈ រហូតដល់គ្រោះថ្នាក់ធ្ងន់ធ្ងរ អាចឈានដល់បាត់បង់អាយុជីវិតទៀតផង។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ខេត្ដសៀមរាបគឺជាខេត្ដគោលដៅទេសចរណ៍ កាលណាខេត្ដយើងគ្មានគ្រោះថ្នាក់ចរាចរណ៍ទេ ភ្ញៀវទេសចរនិងមកទស្សនាខេត្ដយើងបានកាន់តែច្រើនបន្ថែមទៀត។ ដូចនេះការចូលរួមគោរពច្បាប់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋក៏ជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្ដផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *