បាត់ដំបង: ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ទន់ សុផន ជាអភិបាលនៃគណៈអភិបាលស្រុកមោងឫស្សដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកមោងឫស្សី។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អភិបាលស្រុកទើបប្រកាសចូលកាន់តំណែងថ្មីត្រូវពង្រឹងការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បទល្មើសនេសាទ និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ដាស់តឿនអាជ្ញាធរស្រុក ឃុំត្រូវយកចិត្តទុកដាក់ក្នុងរំដោះដីចំណីផ្លូវ បើកផ្លូវសាធារណៈរបស់រដ្ឋឱ្យបានធំទូលាយ ថែរក្សាអនាម័យបរិស្ថាន ទប់ស្កាត់ការរំពងសំឡេងឮខ្លាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បន្តដាំដើមឈើនៅតាមទីប្រជុំជន និងសាលារៀនឱ្យបានច្រើនបន្ថែមទៀតសម្រាប់បម្រើជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម ណែនាំដល់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកទាំងអស់ សូមបន្តរក្សាសាមគ្គីភាព គោរពឋានានុក្រម និងគាំទ្រដល់ការដឹកនាំរបស់អភិបាលស្រុកថ្មីដើម្បីឱ្យការងារបម្រើសេវារដ្ឋបាល សេវាសាធារណៈ បានប្រព្រឹត្តទៅប្រកបដោយថាមពល និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម គូសបញ្ជាក់ថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម សុខ លូ ប្រកាសគាំទ្រ និងអនុវត្តយ៉ាងពេញទំហឹងចំពោះការដាក់ចេញផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងសូមប្តេជ្ញាចូលរួមអនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីពង្រឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលដែនដីឱ្យកាន់តែមានប្រសិទ្ធភាព ហើយជឿជាក់យ៉ាងមុតមាំថា ផ្លែផ្កាជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះនឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរស់នៅកាន់តែប្រសើ មានលទ្ធភាពកាន់តែងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ ទាំងសេវារដ្ឋបាល និងសេវាសន្តិសុខប្រកបដោយទំនុកចិត្ត ការជឿជាក់ ឆាប់រហ័ស ទំនើប និងប្រកបដោយប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍខេត្តលើគ្រប់វិស័យ បរិយាប័ន្ន និងបច្ចេកវិទ្យាឌីជីថល៕

