(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃដំណើរការជួសជុលកែលម្អបណ្ណាល័យ និងអគារអាមេរិកាំង (USA) ឡើងវិញ ស្ថិតក្នុងវិទ្យាល័យពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជា «សាលារៀនជំនាន់ថ្មី (NGS)»។
ក្នុងបេសកកម្មចុះត្រួតពិនិត្យការដ្ឋាននេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្ត, ឯកឧត្តម លឹម ចន្ទថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងសាលា ព្រមទាំងលោកនាយក លោកនាយករង និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
បើតាម លោក ជា ឡេងឃួន នាយកវិទ្យាល័យពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា គម្រោងជួសជុល និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងវិទ្យាល័យពោធិ៍សាត់ ដែលជាកញ្ចប់ថវិកាឧបត្ថម្ភគាំទ្រពី «កម្មវិធីសាលារៀនជំនាន់ថ្មី» រួមមាន៖ ការរៀបចំបំពាក់បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ (STEM) បណ្ណាល័យឌីជីថល និងសម្ភារឧបទេសសិក្សាទំនើបៗតាមបន្ទប់នីមួយៗ សរុប២០បន្ទប់។ កម្មវិធី NGS នឹងផ្តោតសំខាន់លើការអប់រំបច្ចេកវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និងគណិតវិទ្យា (STEM) ការស្រាវជ្រាវ ការប្រើប្រាស់ភាសាបរទេស និងការអភិវឌ្ឍបំណិនសតវត្សរ៍ទី២១ ដល់សិស្សានុសិស្ស។ NGS ប្រតិបត្តិការក្រោមយន្តការស្វ័យភាព និងគណនេយ្យភាពខ្ពស់ ដោយមានការវាយតម្លៃសមត្ថភាពគ្រូបង្រៀន និងសិស្សជាប្រចាំ ដើម្បីធានាបាននូវគុណភាពអប់រំកម្រិតខ្ពស់ និងតម្លាភាព។
លោកនាយកបន្ថែមថា ក្រៅពីថវិកាកម្មវិធី សាលានឹងបន្តប្រើប្រាស់ថវិកាសហគមន៍ ដើម្បីជួសជុលបំពាក់បង្អួចកញ្ចក់ ជំនួសបង្អួចឈើដែលនៅសេសសល់ ដើម្បីបង្កើនសោភ័ណភាព បរិយាកាសសិក្សាស្អាត និងពន្លឺគ្រប់គ្រាន់ក្នុងថ្នាក់រៀន។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនសាងសង់ ត្រូវខិតខំជំរុញ និងពន្លឿនល្បឿនការងារជួសជុលឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យសាលារៀនមានលទ្ធភាពទាន់ពេលវេលា ក្នុងការទទួលសិស្សានុសិស្សចូលរៀន នាឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ខាងមុខ។
ជាមួយគ្នានោះ ឯកឧត្តមបានណែនាំគណៈគ្រប់គ្រងសាលា ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់ ចំពោះក្រុមជាង រាល់ការជួសជុល និងបំពាក់បរិក្ខារ ត្រូវតែអនុវត្តឱ្យស្របតាមបទដ្ឋានបច្ចេកទេសយ៉ាងត្រឹមត្រូវ ធានាបាននូវគុណភាពរឹងមាំ សោភ័ណភាព និងសុវត្ថិភាពខ្ពស់បំផុត សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់រយៈពេលវែង។
តាងនាមអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់, ឯកឧត្តម ខូយ រីដា បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កាដូដ៏ថ្លៃថ្លាជា «សាលារៀនជំនាន់ថ្មី» ជូនដល់វិទ្យាល័យពោធិ៍សាត់។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា កាដូប្រវត្តិសាស្ត្រនេះ គឺជាជំហានថ្មីមួយដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងកាត់បន្ថយគម្លាតសមត្ថភាពសិក្សា រវាងរាជធានី និងខេត្ត ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តពោធិ៍សាត់ ឱ្យមានមូលដ្ឋានគ្រឹះរឹងមាំ ឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ចឌីជីថល។
គួរជម្រាបជូនថា ផ្អែកតាមលិខិតលេខ ១៤៣២ សហវ.ល.ស.អថ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងអប់រំ យុវជន និងកីឡា ពង្រីកវិសាលភាព «សាលារៀនជំនាន់ថ្មី» ចំនួន១បន្ថែមទៀត នៅវិទ្យាល័យពោធិ៍សាត់ សម្រាប់ការអនុវត្តចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦នេះតទៅ។ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ វិទ្យាល័យពោធិ៍សាត់ បានរៀបចំការប្រឡងជ្រើសរើសសិស្សថ្នាក់ទី១០ ចូលរៀនកម្មវិធីជំនាន់ថ្មី ដោយមានបេក្ខជនមកប្រឡងជាក់ស្តែង ចំនួន៦៧៨នាក់ (ស្រី ៣៧០នាក់) លើបេក្ខជនក្នុងបញ្ជី ចំនួន៦៩៤នាក់។
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ខាងមុខនេះ សាលានឹងជ្រើសរើសសិស្សក្នុងកម្មវិធីជំនាន់ថ្មី សរុប៣៥២នាក់ បែងចែកជា ១១ថ្នាក់រៀន (៣២នាក់ ក្នុងមួយថ្នាក់)។ ទន្ទឹមនឹងនេះ សាលាក៏កំពុងដំណើរការជួសជុល «អគារអាមេរិកាំង (USA)» ឡើងវិញ ដោយបំពាក់បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ និងឧបករណ៍ឌីជីថលទំនើបៗតាមស្តង់ដារអន្តរជាតិ ក្រោមការគាំទ្រពីអង្គការខេប (KAPE)៕

