អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ចំនួន ១ ១០០គ្រួសារ នៅស្រុកតាលោសែនជ័យ

ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ចំនួន ១ ១០០គ្រួសារ ស្ថិតនៅឃុំតាលោ ស្រុកតាលោសែនជ័យ ក្នុងបរិវេណវត្តសុវណ្ណគីរីគង្គាបន់បាន (ហៅវត្តសំសាន្ត)។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តម បានលើកឡើងថា អំណោយទាំងនេះ ទោះបីមានចំនួនមិនច្រើនក្តី ប៉ុន្តែជាការចូលរួមចំណែកសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងបង្ហាញពីទឹកចិត្តសាមគ្គីភាព មនុស្សធម៌ និងការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះ ដោយមិនរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ។ ទន្ទឹមនឹងនេះ សូមចូលរួមទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លង ជាពិសេស សូមឱ្យមាតាបិតា និងអាណាព្យាបាល បន្តអប់រំ និងណែនាំកូនចៅឱ្យចៀសវាងពីគ្រឿងញៀន អំពើហិង្សា និងអបាយមុខផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *