ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យ ពិភាក្សាលើការងារមួយចំនួនដែលមន្ទីរអង្គភាពក្រុមប្រឹក្សាខេត្តដែលបានអនុវត្តរយៈពេលមួយខែកន្លងមកដើម្បីធ្វើការដោះស្រាយ និងដាក់ផែនការថ្មីបន្តទៀតធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋ មានទំនុកចិត្ត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានដាក់នៅ របៀបវារៈនៃកិច្ចប្រជុំ កាលពី ខែមុនដើម្បីឱ្យអង្គប្រជុំធ្វើការអនុម័តនៅរបៀបវារៈនោះ ដែររបៀបវារៈទាំងអស់នោះមាន៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។
៣-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
៤-បញ្ហាផ្សេងៗ។
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីអភិវឌ្ឍន៍ខេត្តឱ្យការន់តែរីកចម្រើនទៅមុខជាលំដាប់។
ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ៕

