ខេត្តព្រៃវែង៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង បានរៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្តីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព លោក អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយរងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី គណៈប្រតិភូអមដំណើរ លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ព្រមទាំងតំណាងអង្គការ សហគមន៍ សមាគម និងសហជីព សរុបចំនួន ១៤១រូប។
វេទិកាសន្ទនានេះ រៀបចំឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ព្រមទាំងតម្រង់ទិស និងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល សមាគម និងសហជីព ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមបច្ចុប្បន្ន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន៕

