ពោធិ៍សាត់៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងផ្តល់យោបល់ពីការដាំផ្កាលម្អ និងការរៀបចំសោភ័ណភាពតាមបណ្តោយដងផ្លូវ “អន្ទង់អាំង” ជើងភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់។
នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០ ដែលជាសមិទ្ធផលផ្លូវទេសចរណ៍ដ៏ល្បីល្បាញ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនឱ្យមកកម្សាន្តក្នុងខេត្តពោធិ៍សាត់។ ការរៀបចំដាំដើមឈើ និងផ្កាលម្អអមសងខាងផ្លូវនាពេលនេះ គឺដើម្បី៖
-លើកកម្ពស់សោភ័ណភាព៖ បង្កើនភាពបៃតង និងពណ៌សោភ័ណនៃផ្កា ឱ្យកាន់តែមានទាក់ទាញ ស័ក្តិសមជាតំបន់រមណីយដ្ឋានធម្មជាតិគំរូ។
-បម្រើវិស័យទេសចរណ៍៖ បង្កើតបរិយាកាសស្រស់ស្រាយ និងចំណុចថតរូបកម្សាន្ត (Check-in) បន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
-ថែរក្សាបរិស្ថាន៖ ចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានធម្មជាតិ និងកាត់បន្ថយការបាក់ដីនៅតាមចំណោទភ្នំ។
ជាមួយគ្នានេះដែរ ឯកឧត្តម ខូយ រីដា បានផ្តល់អនុសាសន៍ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ជំនាញពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ជ្រើសរើសប្រភេទពូជផ្កាដែលធន់នឹងអាកាសធាតុ តម្រូវតាមលក្ខណៈបច្ចេកទេស និងត្រូវរៀបចំប្រព័ន្ធថែទាំ ស្រោចទឹក ឱ្យបានជាប់លាប់ ដើម្បីធានាថាផ្កាទាំងនោះដុះលូតលាស់បានល្អ និងរំលេចពណ៌ស្រស់ស្អាតគ្រប់រដូវកាល៕

