អគ្គនាយកដ្ធានគយ និងរដ្ធករកម្ពុជា បន្តនាំយកអំណោយសប្បុរសធម៌​ ជូនអង្គការមូលនិធិកុមារ និង​និស្សិតក្រីក្រកម្ពុជា ជាលើកទី៦

(ភ្នំពេញ) :នាព្រឹកថ្ងៃ​សៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ភិន សុភារក្ស ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រងការនាំចេញ​ ​តំណាងដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះ​សំណាល​​សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌​របស់​​សមាគមសង្គហមិត្តមន្ត្រី​រាជការ នៃ​​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បីផ្ដល់ជូនអង្គការមូលនិធិកុមារ និង​និស្សិតក្រីក្រកម្ពុជា ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេ។​
អំណោយសប្បុរសធម៌​ដែលសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកទៅជូនអង្គការមូលនិធិកុមារ និង​និស្សិតក្រីក្រកម្ពុជា រួមមាន៖ អង្ករ ចំនួន ១តោន, មី REEVA ចំនួន ២០ កេស, ត្រីខ Lily ចំនួន​ ៥ កេស, ទឹកដោះគោខាប់ ចំនួន ៥ កេស, ទឹកដោះគោ ANGKOR MILK ចំនួន ១០ កេស, កាហ្វេ 3 IN 1 ចំនួន ១ កេស, ​ទឹកក្រូច V-COLA ចំនួន ៥ កេស, ទឹកស៊ីអ៊ីវដបតូច ចំនួន ១ កេស, ទឹកត្រី ចំនួន ៥ យួរ, សាប៊ូម្សៅ ចំនួន ៣ កេស, សាប៊ូដុំ ចំនួន ៣ កេស, ស្ករស ចំនួន ៥០ គីឡូ, អំបិល ចំនួន ៥០ គីឡូ, ច្រាស់ដុសធ្មេញ ចំនួន ១០០ ដើម, ថ្នាំដុសធ្មេញ ចំនួន ១០០ ទីប, កាតាប KIT សិក្សា ចំនួន ៣៥ ឈុត ព្រមទាំងថវិកាចែកជូនអង្គការចំនួន ២,០០០,០០០រៀល , បុគ្គលិកចំនួន ១៨នាក់ដែលម្នាក់ៗ​ទទួលបាន ៥០,០០០រៀល , និងសិស្ស កុមារ និងអ្នកស្នាក់អាស្រ័យចំនួន ៩៨នាក់ដែលម្នាក់ៗទទួលបាន ២០,០០០រៀល។
ក្នុង​នាម​ក្រុមការងារសប្បុរសធម៌ លោក​ប្រធាន​នាយកដ្ឋាន​បានសម្តែង​សេចក្តីសោមនស្សរីករាយ ព្រម​ទាំង​បាន​ពាំនាំ​នូវសេចក្ដី​នឹក​រលឹក​ និង​​ការ​ផ្ដាំ​ផ្ញើសាកសួរសុខទុក្ខ​ពី​សំណាក់​​​ឯកឧត្តម​បណ្ឌិត គុណ ញឹម និង​លោក​ជំទាវ ​ជូន​ដល់​ក្មួយៗជាកុមារ សិស្ស-និស្សិត ចាស់ទុំដែលស្នាក់នៅ និង​បុគ្គលិកអង្គការទាំង​អស់​។​ ក្នុង​ឱកាស​នោះ​ដែរ​ លោក​ប្រធាននាយកដ្ឋាន​ក៏​បានថ្លែងនូវ​​ការ​​​កោត​សរសើរ និង​ថ្លែង​អំណរគុណ​​​​ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ ដែលបានលះ​បង់​​កម្លាំងកាយចិត្ត ប្រកបដោយទឹកចិត្តសប្បុរស ក្នុង​ការ​ចូលរួម​មើល​ថែ​ និង​ផ្ដល់​ការអប់រំដល់​​ក្មួយៗ​ជាកុមារ សិស្ស-និស្សិត ព្រមទាំង​ផ្ដល់​ទីស្នាក់នៅដល់​ចាស់​ជរា​គ្មានទីពឹងមួយចំនួនផងដែរ​។​
​ជំនួសមុខឲ្យ​បុគ្គលិក ក្មួយៗកុមារ​ សិស្ស-និស្សិត និងចាស់ទុំដែល​ស្នាក់នៅក្នុងបន្ទុកអង្គការ​​ទាំង​អស់​​ លោក​ បាត ណូន ប្រធាន​អង្គការមូលនិធិកុមារនិងនិស្សិតកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម​បណ្ឌិត គុណ ញឹម និងសប្បុរសជន​នៃ​អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ ចំពោះការយកចិត្តទុកដាក់ និងទឹកចិត្តស្រលាញ់ ពិសេសតែងតែ​​បាន​នាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកា​ជូន​ដល់​អង្គការ​មួយ​នេះ​​។
​ គួរបញ្ជាក់ផងដែរថា នេះជា​លើក​ទី​៦ហើយ ដែល​មូលនិធិសប្បុរសធម៌ក្រោមក្របខណ្ឌសមាគមសង្គហមិត្ត​​មន្ត្រី​រាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏ខ្ពង់​ខ្ពស់​របស់ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា​ បាន​នាំ​យក​អំណោយ​ជាសម្ភារៈ និង​ថវិកាជូន​ដល់​អង្គការមូល​និធិកុមារនិងនិស្សិតកម្ពុជា​​​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *