ស្រុកស៊ីធរកណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងរដ្ឋបាលស្រុកស៊ីធរកណ្ដាល អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង នៃវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ស្ថិតក្នុងភូមិព្រែកសណ្ដែក ឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី សម្រាប់បំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស និងចូលរួមលើកកម្ពស់បរិយាកាសអប់រំឱ្យមានភាពល្អប្រសើរ សុវត្ថិភាព និងសមស្រប។
អគារសិក្សានេះនឹងរួមចំណែកបង្កើនលទ្ធភាពទទួលបានការអប់រំ កាត់បន្ថយការខ្វះខាតបន្ទប់សិក្សា គាំទ្រដល់ការបង្រៀន និងរៀន ព្រមទាំងលើកកម្ពស់គុណភាពវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងមូលដ្ឋានស្រុកស៊ីធរកណ្ដាល។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធាន និងអនុប្រធានក្រុមការងារឃុំ ប្រធានលេខាធិការដ្ឋាន ប្រធានក្រុមការងារយុវជន ប្រធានក្រុមការងារចល័ត ប្រធានក្រុមការងារចលនាស្ត្រី ប្រធានគណៈកម្មាធិការស្រុក អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ព្រមទាំងសមាជិក សមាជិកា ក្រុមការងារ ស.ស.យ.ក. ក្រុមការងារកាយឫទ្ធិ ក្រុមការងារកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋជាច្រើនកុះករសរុបចំនួន ១,៥០០រូប។

