ឯកសារក្បាលដីក្នុងភូមិទាំង៨ នៃឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពីពិនិត្យ ឬស្នើសុំកែតម្រូវ❗

ខេត្តសៀមរាប: ឯកសារវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិទាំង៨ នៃឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ឬអ្នកដែលពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ ឬស្នើសុំកែតម្រូវ ជំទាស់តវ៉ា ករណីមានកំហុសឆ្គង មុនពេលឈានដល់ការចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តព្រះពុទ្ធអណ្ដែត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការបិទផ្សាយមានរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ ប្រជាពលរដ្ឋត្រូវលះបង់ពេលវេលាមកពិនិត្យឈ្មោះ ទំហំដី និងទីតាំងដី ឱ្យបានត្រឹមត្រូវ ព្រោះនេះគឺជាឱកាសចុងក្រោយដែលបងប្អូនអាចពិនិត្យ ឬតវ៉ា។ ករណីមានកំហុសឆ្គង បងប្អូនត្រូវប្រញាប់ដាក់ពាក្យស្នើសុំកែតម្រូវភ្លាមៗជាមួយក្រុមការងារបច្ចេកទេស ដើម្បីជៀសវាងការលំបាក និងខាតពេលវេលាយូរនៅពេលខាងមុខ។ ឯកឧត្តម បញ្ជាក់ថា បណ្ណកម្មសិទ្ធិមានសារៈសំខាន់ណាស់ ព្រោះវាធានាដោយច្បាប់ ការពារមិនឱ្យមាននរណាមកដណ្ដើម ឬបំពានបានឡើយ ហើយថែមទាំងងាយស្រួលក្នុងការយកទៅប្រកបអាជីវកម្ម ឬប្រើប្រាស់ផ្លូវច្បាប់។ ជាមួយគ្នានេះ មន្រ្ដីជំនាញ និងអ្នកប្រចាំការនៅទីនោះនឹងរង់ចាំធ្វើការពន្យល់ និងបកស្រាយរាល់ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។

លោក នូ សារឿង ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរដែនដីខេត្ត បានបញ្ជាក់ថា ការបិទផ្សាយនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការ ពិនិត្យទៅលើឈ្មោះ ទំហំដីឬព្រំប្រទល់ ប្រភេទ ទ្រព្យ។ នៅអំឡុងពេលនេះ មន្រ្តីជំនាញសុរិយោដី ដែលនៅប្រចាំការនៅទីនោះ នឹងរង់ចាំទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា វិវាទផ្សេងៗក្នុងករណី ប្រជាពលរដ្ឋរកឃើញកំហុសឆ្គងដោយប្រការ ណាមួយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *